វ៉ាក់សាំងជាង១៧២,៧លានដូស បានចាក់ជូនពលរដ្ឋ នៅក្នុងប្រទេសវៀតណាម
ក្នុងថ្ងៃទី ១៩ ខែមករា វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋ សរុបជាង ១លានដូស ក្នុងរយៈពេល ២៤ម៉ោង សរុបមានវ៉ាក់សាំងរហូតដល់ទៅ ១៧២,៧លានដូសបានចាក់ជូនពលរដ្ឋនៅក្នុងប្រទេសនេះ។ ក្នុងចំណោមវ៉ាក់សាំងទាំងនោះ មានអ្នកចាក់មួយដូស មានជាង៧៨,៧លាននាក់ ចាក់គ្រប់ពីរដូសមានជាង៧៣លាននាក់ និងចាក់ដូសជំរុញមានជាង ២០ លាននាក់ ។ ប៉ុន្តែករណីឆ្លងកូវីដ ១៩ នៅក្នុងប្រទេសវៀតណាមបន្តកើនឡើងខ្ពស់ដដែល ។ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៦,៧១៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៨៨៤ ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន២៤៥ ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៩៨៣ករណី, ខេត្ត Hải Phòng ៧២២ ករណី និងខេត្ត Bến Tre ៦១៤ករណី។
ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៥២នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,០៩៤,៨០២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៧៩៤,៩២៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៦,២៦៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។