កម្ពុជា រៀបចំ​ការប្រកួត​កីឡាវាយកូនគោល​នៅ​តារា​សាគរ ខេត្តកោះកុង នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​២០២២

​កោះកុង​៖ នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ (ATF 2022) ម្ចាស់ផ្ទះ​កម្ពុជា​បានរៀបចំ​ការប្រកួត​កីឡាវាយកូនគោល​នៅ​រមណីយដ្ឋាន​តារា​សាគរ ខេត្តកោះកុង​។​ ​ការប្រកួត​នេះ​ត្រូវបាន​រៀបចំឡើង កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២ ដែលជា​ការប្រកួត​មិត្តភាព​អន្តរជាតិ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​និង​តំណាង​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ឧ​ត្ត​ម​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា តំណាង​អង្គទូត​មួយចំនួន ព្រមទាំង​អភិបាលខេត្ត​មួយចំនួន​ផងដែរ​។​

​ថ្លែង​នាឱកាស​ប្រគល់​ពានរង្វាន់​ដល់​ម្ចាស់​ជ័យលាភី លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​គណៈប្រតិភូ​ជាតិ​-​អន្តរជាតិ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​កីឡាវាយកូនគោល​នៅលើ​ទឹកដី​ខេត្តកោះកុង​នាពេលនេះ​។​

​លោកស្រី​អភិបាលខេត្ត​ក៏បាន​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​នៅ​ខេត្តកោះកុង ដែលជា​ខេត្ត​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ និង​មាន​ភាពកក់ក្ដៅ ដោយ​រាជរដ្ឋាភិបាល​បានសម្រេច​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ក្នុង​ខេត្ត​បាន​ស្ទើរ​១០០​ភាគរយ ពិសេស​គឺ​គោលដៅ​រមណីយដ្ឋាន​តារា​សាគរ​នេះ និង​គោលដៅ​ជាច្រើន​ទៀត​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា ការរៀបចំ​ការប្រកួត​កីឡាវាយកូនគោល​នៅ​រមណីយដ្ឋាន​តារា​សាគរ ខេត្តកោះកុង នាពេលនេះ គឺ​ដើម្បី​អបអរសាទរ​នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ (ATF 2022) ដោយ​គ្រប់​ការរៀបចំ​ព្រឹត្តិការណ៍ ATF គឺ​តែងតែមាន​ការរៀប​ចំកា​រ​ប្រកួត​កីឡាវាយកូនគោល​រៀង​រាល់ដង​ផងដែរ​។​

​សូមជម្រាបថា បន្ទាប់ពី​ការប្រកួត​កីឡាវាយកូនគោល​មិត្តភាព​នេះ គណៈកម្មការ​បាន​រក​ឃើញ​អ្នកឈ្នះ​ពានរង្វាន់​កិត្តិយស​តាមរយៈ​ក្រុមបច្ចេកទេស​ការប្រកួត​កីឡាវាយកូនគោល ក្នុងនោះ​រួមមាន​ជ័យលាភី Gross Score Winner បាន​ទៅលើ​លោក ង្វៀន ចាង​ខា​ញ់ (Nguyen Trang Khanh) និង​ជ័យលាភី Net Score Winner បាន​ទៅលើ​លោក ស៊ន វ៉ាន់​វៀត (Doan Van Viet)​។ ក្រៅពីនោះ​ក៏មាន​ការប្រគល់​ពានរង្វាន់​កិត្តិយស​ដល់​ថ្នាក់ដឹកនាំ​ជាតិ និង​អន្តរជាតិ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close