អសមត្ថភាព ទប់ស្កាត់អំពើហិង្សា រដ្ឋមន្ត្រីការពារជាតិកាហ្សស្ថាន ត្រូវប្រធានាធិបតីដកហូតតំណែង
ប្រធានាធិបតីកាហ្សស្ថាន លោក Kassym-Jomart Tokayev កាលពីថ្ងៃទី ១៩ខែមករា បានប្រកាសដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Murat Bektanov ដោយសារតែ អសមត្ថភាពក្នុងការគ្រប់គ្រង ទប់ស្កាត់អំពើហិង្សាមិនធ្លាប់មាន តាំងពីទទួលបានឯករាជ្យរយៈពេល៣០ឆ្នាំកន្លងមក។
ការសម្រេចដកហូតតំណែងលោក Bektanov គឺជាការកែទម្រង់ថ្មីក្នុងក្រុមសន្តិសុខ ក្រោយមានអំពើហិង្សាកើតឡើង បំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតជាច្រើនជាច្រើន។
ប្រធានាធិបតីកាហ្សាស្ថាន បានបញ្ជាក់ទៀតថា«នៅក្នុងព្រិត្តិការណ៍កាលពីដើមខែមករា កម្លាំងសន្តិសុខមិនបំពេញភារកិច្ចដែលបានប្រគល់ជូន។ មន្ត្រីសន្តិសុខមិនមានសកម្មភាពច្បាស់លាស់ទប់ស្កាត់ទាន់ពេលវេលា»។ ប្រធានាធិបតី Tokayev បានលើកឡើងថា រដ្ឋមន្ត្រីការពារជាតិ Bektanov «ខ្វះគុណភាពជាមេបញ្ជាការ» “។
នៅពេលនេះដែរ ប្រធានាធិបតីកាហ្សាស្ថានបានផ្តល់តំណែងរដ្ឋមន្ត្រីការពារជាតិ ជូនលោក Ruslan Zhaksylykov វិញ។ លោក Ruslan Zhaksylykov ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។អំពើហិង្សា នៅក្នុងប្រទេសកាហ្សាស្ថាន បានបំផ្លាញសេដ្ឋកិច្ចយ៉ាងតិច ៣ពាន់លានដុល្លារ ហើយក្រុមហ៊ុនជាង១.៣០០ក្រុមហ៊ុនរងផលប៉ះពាល់ ក្នុងនោះមានក្រុមហ៊ុន ធនាគារជាង ១០០រងការវាយប្រហារ រថយន្តប៉ូលិសជាង ៥០០ រងការដុតបំផ្លាញ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។