និស្សិតច្បាប់ម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត យកកាំភ្លើងអង្គរក្សឧកញ៉ា ហុង ពីវ បាញ់សម្លាប់ខ្លួន
និស្សិតរៀនផ្នែកច្បាប់ម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយទាញយកកាំភ្លើង របស់អង្គរក្សលោកឧកញ៉ា ហុង ពីវ បាញ់សម្លាប់ខ្លួន កាលពីវេលាម៉ោង២០និង៥០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ សៀវលាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ និស្សិត រស់នៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប។
បើតាមការបំភ្លឺ របស់ឈ្មោះ ប្រាក់ សារិន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានឲ្យដឹងប្រាប់ថា នៅអំឡុងដើមខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីម្ដាយក្មេករបស់ខ្លួនបានទទួលមរណភាពកូនប្រុសរបស់ខ្លួនឈ្មោះ រស់ សៀវលាង ក៏ចាប់ផ្ដើមមានអាការៈប្លែកៗនិយាយផ្ដេសផ្ដាស និងមានជំងឺបាក់ទឹកចិត្ត និងធ្លាប់និយាយរកសម្លាប់ខ្លួន ពីរដងមកហើយ។ ដោយឃើញបែបនោះរូបខ្លួនក៏បាននាំយកកូនប្រុសមកសៀមរាប ដើម្បីព្យាបាល និងលេបថ្នាំ រងាប់អារម្មណ៍ជាប្រចាំថ្ងៃ។
កន្លងមកកូនប្រុសរបស់ខ្លួនធ្លាប់បានទៅចូលរួមបាញ់អាវុធគ្រាប់ពិតនៅទីលានជាច្រើនលើក។ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ក្រុមគ្រួសាររបស់ខ្លួនបានទៅភ្នំពេញ ដើម្បីចូលរួមភ្ជាប់ពាក្យក្មួយហើយនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ក៏បាននាំគ្នាត្រឡប់មកសៀមរាបវិញ ដោយពេលនោះម្ដាយមីងរបស់ខ្លួនក៏បានមកដែរ ដោយរូបគាត់បានសម្រាកនៅប៊ូទិក គ្រីសណាវិឡា ស្ថិតភូមិសាលាកន្សែង ហើយនៅវេលាម៉ោង ១៩ និង ៣០ នាទី រូបខ្លួននិងក្រុមគ្រួសារ បានមកចូលរួមហូបចុកជាមួយម្ដាយមីងនៅប៊ូទិកនោះ ដោយក្រុមគ្រួសារខ្លួន និងម្ដាយ មីងបានហូបចុកនៅខាងក្រៅ ចំណែកក្រុមអង្គរក្សរបស់ក្មួយខ្ញុំពីរនាក់ គឺគាត់ផឹកនៅតុខាងក្នុងប៊ូទិក ។ ខណៈពេលកំពុងផឹកនោះកូនប្រុសរបស់ខ្លួនបានដើរចូលទៅខាងក្នុងផឹកស៊ីលេងជាមួយក្រុមអង្គរក្សនោះ ព្រោះពួកគាត់ជាមនុស្សស្គាល់គ្នាច្បាស់។
លុះប្រហែលជាម៉ោង ២១ និង ០០ នាទី ខណៈពេលកំពុងហូបចុកជុំគ្នាក៏ស្រាប់តែលឺសូរសំឡេងផ្ទុះអាវុធនៅខាងក្នុង ហើយភ្លាមនោះរូបខ្លួនបានស្ទុះទៅមើលក៏ឃើញកូនប្រុសឈ្មោះ រស់ សៀវលាង បានដេកស្លាប់ផ្ងារពោះក្នុងថ្លុកឈាម។ រូបខ្លួនបានលើកជួយសង្គ្រោះកូន ប៉ុន្តែរូបគេបានស្លាប់បាត់ទៅហើយ។ ដោយពេលនោះរូបខ្លួនមិនបានឃើញអាវុធនៅក្បែរសពកូនប្រុសខ្លួននោះទេ ក្រោយមកបានម្ចាស់អាវុធឈ្មោះ រតនា ហៅខ្លា៩ ជាក្រុមអង្គរក្សនោះជាម្ចាស់អាវុធបានយកអាវុធនោះមកទុក នៅកន្លែងកើតហេតុនោះវិញហើយចេញទៅបាត់។
បើតាមសមត្ថកិច្ចថា យោងតាមបំភ្លឺរបស់ឪពុកជនរងគ្រោះ និងការសន្និដ្ឋានរបស់ការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត្រ,ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ ជំនាញបានឲ្យដឹងថា ករណីខាងលើនេះ ជាករណី អត្តឃាត ( បាញ់សម្លាប់ខ្លួន )។ ចំពោះ ឈ្មោះ រតនា ហៅ ខ្លា៩ ដែលជាម្ចាស់ អាវុធ ក្រោយពេលកើតហេតុ បានគេចខ្លួនបាត់។
ចំណែកវត្ថុតាង( អាវុធG-Lock17 )ត្រូវបានកម្លាំងបច្ចេកទេសធ្វើការចាប់យក ទៅរក្សាទុក ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវទៅលើករណីនេះ ឱ្យបានល្អិតល្អន់ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។