សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​ការងារ​តាម​ប្រព័ន្ធ​ទូរ​ស័​ព្ឌ ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២១ មករា ឆ្នាំ​២០២២​នេះ បាន​ចំណាយពេល​ប្រមាណ​៣៥​នាទី ក្នុង​ការធ្វើ​កិច្ចសន្ទនា​តាម​ប្រព័ន្ធ​ទូរស័ព្ទ ជាមួយ ឯកឧត្តម ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) ទាក់ទិន​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​៧-៨ មករា​កន្លងទៅ​ថ្មីៗ​នេះ​។​

ក្នុងជំនួប​គ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ជូន​ចំពោះ ឯកឧត្តម​ប្រធានាធិបតី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​បំផុត ជួប​សន្ទនា​ការងារ​ជា​លើក​ទី​២ បន្ទាប់ពី​ការសន្ទនា​លើក​ទី​១ កាលពី​ថ្ងៃទី​៤​មករា​ឆ្នាំ​២០២២​។ ទាក់ទិន​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ទៅកាន់​មី​យ៉ាន់​ម៉ា សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា មាន​មនុស្ស​មួយចំនួន​អបអរសាទរ និង​គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ប៉ុន្តែ​មាន​អ្នកខ្លះ​មិនបាន គាំទ្រ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅកាន់​មី​យ៉ាន់​ម៉ា​។

សម្តេច​តេ​ជោ​មានប្រសាសន៍​សង្កត់ធ្ងន់​ថា អ្វីដែល​សម្តេច​ធ្វើដំណើរ​ទៅ​មី​យ៉ាន់​ម៉ា គឺ​ទៅ​ដាំ​ដើមឈើ មិនមែន​ទៅ​កាប់​ឈើ​នោះទេ ហើយ​អ្នក​មិន​គាំទ្រ​នោះ គឺ​ហាក់​គិតថា​ដាំ​ដើមឈើ​តែមួយ​ថ្ងៃ ពីថ្ងៃ ហើយ​ចង់បាន​ផ្លែផ្កា​ភ្លាមៗ​។ សម្តេច​តេ​ជោ​បន្តថា ដំណើរ​ទស្សនកិច្ច​ទៅកាន់​មី​យ៉ាន់​ម៉ា គឺ​ដើម្បី​ជំរុញ​ដោះស្រាយ​ស្ថានភាព​ទាល់ច្រក ដើម្បី​រក​ច្រកចេញ ហើយ​ជាពិសេស​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​ពីមុន​ហើយ​និង​ស្ថានភាព​នៅពេលនេះ គឺ​មិន​ដូចគ្នា​ទេ ដោយសារ​នៅ​មី​យ៉ាន់​ម៉ា ពីមុន​មាន​រដ្ឋាភិបាល​តែមួយ ប៉ុន្តែ​បច្ចុប្បន្ននេះ គឺថា​អាចមាន​រដ្ឋាភិបាល​២​ឯណោះ​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ផងដែរ​ថា យើង​ធ្វើ​ក៏​ខុស យើង​មិន​ធ្វើ​ក៏​ខុស ប៉ុន្តែ​គោលដៅ​សំខាន់​របស់​សម្ដេច គឺ​ទម្លាយ​ភាពទាល់ច្រក​ពាក់ព័ន្ធ​នឹង​សភាព​ការ​ណ៏​នៅ​មី​យ៉ាន់​ម៉ា​នោះ ដែលជា​ប្រទេសមួយ​មាន​សភាពការណ៍ មាន​លក្ខណៈ​ស្មុគស្មាញ​នាពេល​បច្ចុប្បន្ន​។​

​សម្ដេច​តេ​ជោ​បាន​បន្ត​កិច្ចសន្ទនា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ពាក់ព័ន្ធ​នឹង​អ្វីដែល​សម្ដេច​គិត និង​មាន​យោបល់​ថា អ្វីដែល​មី​យ៉ាន់​ម៉ា ត្រូវការ​ពេលនេះ គឺ​ត្រូវការ​ដំណោះស្រាយ​ដែលមាន​លក្ខណៈ​ពេញលេញ ហើយ​មាន​ពេលវេលា​យូរអង្វែង ដើម្បី​ដោះស្រាយ​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​នេះ ដូច្នេះហើយ​គោលដៅ​របស់​សម្ដេច​តេ​ជោ​ទៅ​ទស្សនកិច្ច មិនមែន​បង្កើត​ភាពស្មុគស្មាញ ឬមួយ​យ៉ាងណា​នោះទេ ប៉ុន្តែ​គឺ​រក​មធ្យោបាយ​ដោះស្រាយ​ភាពទាល់ច្រក​នេះ ទម្លាយ​ភាពទាល់ច្រក​នេះ ដើម្បី​ជួយ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ។

នៅក្នុង​ជំនួប​នេះដែរ សម្ដេច​តេ​ជោ បានស្នើ​ទៅ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី តាមរយៈ​លោកជំទាវ រ៉េត​ណូ ដើម្បី​ឲ្យ​លោកជំទាវ​ជូន​សារ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅ​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ដែល​យើង​ដឹង​ហើយ​ថា គាត់​ធ្លាប់​ធ្វើការ​នៅក្នុង​គណបក្សប្រឆាំង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អ្វីដែល​គាត់​បានធ្វើ​កន្លងទៅនេះ គឺ​វា​មិន​ត្រឹមត្រូវ​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​នេះ ហើយ​នៅក្នុង​ការបញ្ជូនសារ​នេះ សម្ដេច​បាន​មានប្រសាសន៍ថា កុំ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​នេះ ព្រហើន​ពេក​ដែលមាន​សំដីសំដៅ​មិន​គប្បី​ចំពោះ​ថ្នាក់ដឹកនាំ​អាស៊ាន ជាពិសេស​ប្រធាន​អាស៊ាន​តែម្ដង ដែល​មិន​សមជា​ភាសា​ការទូត ដូច្នេះហើយ​កុំ​ឲ្យ​យក​លក្ខណៈ​ព្រហើន​ដែល​លើកឡើង​កន្លងទៅនេះ មិន​ដូច​ភាពជាក់ស្ដែង​ដែល​អ្នក​មួយចំនួន ដែល​គេ​តាមដាន​ការងារ​អាស៊ាន ឬ​ធ្វើ​ការងារ​អាស៊ាន​នេះ ហើយ​គាត់​ខ្វះ​នូវ​ការគួរសម​ទៀតផង ។​

​ក្នុងជំនួប​ទ្វេភាគី​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ថ្វី​ត្បិត​ការធ្វើ​ទស្សនកិច្ច​នេះ គឺ​មិនមែនជា​លទ្ធផល​ដែល​យើង​ធ្វើបាន​ក្នុង​រយៈពេល​១​ថ្ងៃ ឬ​១​ខែ​នោះទេ ប៉ុន្តែ​យើង​ធ្វើ​ភ្លាម ហើយ​យើង​ក៏​ទទួលបាន​នូវ​លទ្ធផល​មួយចំនួន​ផងដែរ ៖
​ទី​១) លទ្ធផល​ដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជម្រាប​ជូនទៅ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី គឺពាក់ព័ន្ធ​ទៅនឹង​បទ​ឈប់​បាញ់ និង​ការបញ្ឈប់​នូវ​អំពើហិង្សា តែ​សម្ដេច​ស្នើសុំ​ឲ្យ​មានការ​ឯកភាព​ពី ឯកឧត្តម មីន អោ​ង​ឡាំង ថា បទ​ឈប់​បាញ់​នេះ​នឹង​បញ្ឈប់​ពី​ពេលនេះ​ទៅ​រហូត​ទៅដល់​ចុងឆ្នាំ​២០២២​ឯណោះ ។
​ទី​២) ការផ្ដល់ជូន​នូវ​ជំនួយ​មនុស្សធម៌​ទៅដល់​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ហើយ​ជាពិសេស គឺ​ការធ្វើការ​ជាមួយនឹង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អគ្គលេខាធិការ​អាស៊ាន មជ្ឈមណ្ឌល​អាហារ​របស់​អាស៊ាន​ផងដែរ ដែល​ទទួលបន្ទុក​ខាង​ជំនួយ​មនុស្សធម៌ និង​គ្រោះមហន្តរាយ ហើយនឹង​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ ដែល​ពាក់ព័ន្ធ​។ ដូច្នេះ​ការងារ​នេះ គឺ​សំខាន់​ណាស់ ក្នុង​ការធ្វើការងារ​ជា​ក្រុម និង​ធ្វើ​ការងារ​ជាមួយនឹង​ខាង​មី​យ៉ាន់​ម៉ា​ផងដែរ ដូច្នេះហើយ​នៅក្នុង​ការងារ​នេះ គឺ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ពាក់ព័ន្ធ នឹង​ជំនួយ​មនុស្សធម៌ ដោយ​ជំរុញ​ធ្វើយ៉ាងណា ឱ្យមាន​ជំនួយ​ជា​វ៉ាក់សាំង ការចាក់​វ៉ាក់សាំង​ទៅ​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ជា​ចាំបាច់​នេះ​។​

សម្ដេច​តេ​ជោ ក៏បាន​គូសបញ្ជាក់​អំពី​ការងារ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​យន្តការ ដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ជា​គំនិត​នៅក្នុង​ការបង្កើត​ជាយ​ន្ត​ការ អាស៊ាន​-​ត្រ​យ​ការ ដើម្បី​ធ្វើយ៉ាងណា ចូលរួម​ជួយ​ដល់​មី​យ៉ាន់​ម៉ា ហើយ​និង​គំនិត​ផ្ដួចផ្ដើម​របស់​ឥណ្ឌូនេស៊ី ដែល​ចង់​បង្កើត​ក្រុម​អ្នកសង្កេតការណ៍ ដោយ​ប្រើប្រាស់​មន្ត្រី​ស្ថានទូត​របស់​បណ្ដា​ប្រទេស​អាស៊ាន​ប្រចាំ​នៅ​ទីក្រុង​យ៉ាំង​ហ្គូ​ន នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ ។ គំនិត​ទាំងអស់នេះ ឬមួយ​ក៏​ការចាប់ផ្ដើម​ជំនួប​ការងារ​ផ្សេងៗ​ទាំងអស់នេះ គឺ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្នើសុំ​ថា នឹង​ឲ្យ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន ជួបប្រជុំគ្នា​នៅពេល​ខាងមុខនេះ គឺ​ដើម្បី​ពិភាក្សា និង​រក​មធ្យោបាយ ក្នុងការ​ជំរុញ​ការងារ​នេះ ជាពិសេស នៅក្នុង​ការជំរុញ​ការធ្វើ​យ៉ាងណា ជួយ​ដល់​មី​យ៉ាន់​ម៉ា​នៅពេល​ខាងមុខនេះ ។ អ្វីដែល​សំខាន់​នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​លើក​អំពី​គំនិត​ផ្ដួចផ្ដើម​ទាំងអស់នេះ គឺ​សម្ដេច​ចង់ឱ្យ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ទាំងអស់ នឹង​ជួបគ្នា​នៅពេល​ខាងមុខ ដើម្បី​ពិភាក្សា​ទៅលើ​គំនិត​ផ្ដួចផ្ដើម​មួយចំនួន ក៏ដូចជា​អ្វីដែល​សម្ដេច​បាន​មានប្រសាសន៍​នាពេលនេះ ក៏ដូចជា​កន្លងមកនេះ រួមទាំង​សមិទ្ធផល​នៃ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ទៅ​មី​យ៉ាន់​ម៉ា​ផងដែរ ។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចាត់ទុកថា វិធី​ដែល​សម្ដេច​បាន​ជំរុញ​នេះ គឺមាន​អត្ថប្រយោជន៍ ប៉ុន្តែ​សំខាន់​ទៅទៀត គឺ​យើងទាំងអស់គ្នា បន្ត​អនុវត្ត​នូវ​គោលការណ៍​ទាំង ៥ ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បានសម្រេច​ជា​ឯកច្ឆន្ទ​រួចហើយ​នេះ ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ភាគី​មី​យ៉ាន់​ម៉ា អនុវត្ត​ទៅតាម​ផែនការ​ទាំង ៥​នោះ ។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ និង​កោតសរសើរ​ផងដែរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​ជំរុញ​ការងារ​ដែល​សម្ដេច​បាន​ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​នេះ ដើម្បី​ជំរុញ​ការទម្លាយ​ភាពទាល់ច្រក​។ ឯកឧត្តម​ក៏បាន​លើក​ផងដែរ​ពាក់ព័ន្ធ​នឹង​ការធ្វើ​យ៉ាងណា ឱ្យមាន​ការរីកចម្រើន នូវ​ការអនុវត្ត​ផែនការ ៥​ចំណុច ដែល​បាន​ឯក​ភាពជា​ឯកច្ឆ័ន្ទ​នេះ​។ ឯកឧត្តម​ក៏​ស្នើសុំ និង​ឯកភាព​ផងដែរ ធ្វើ​យ៉ាងម៉េច​រក​ដំណោះស្រាយ​ទាំងអស់នេះ គឺ​ត្រូវមាន​ការចូលរួម​ដោយ​ភាគី​ទាំងអស់ ដូចដែល​សម្ដេច​ធ្លាប់​លើក​មកហើយ គឺថា​ការបង្រួបបង្រួម​ជាតិ រក​ដំណោះស្រាយ ត្រូវតែមាន​ការចូលរួម​ពី​ភាគី​ទាំងអស់ ។ ឯកឧត្តម​ថា ដំណោះស្រាយ​នយោបាយ​នេះ គឺជា​មធ្យោបាយ​ដែល​អាច​ទទួលយក​ដោយ​ភាគី​ទាំងអស់​។​

នៅក្នុង​ជំនួប​នេះដែរ ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏បាន​មានប្រសាសន៍​ដែរ​ថា ឥណ្ឌូនេស៊ី​ពិតជា​គាំទ្រ​ដល់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ក្នុងការ​ជំរុញ​ការងារ​នេះ​។ រីឯ​ចំណុច​ផ្ដួចផ្ដើម​ផ្សេងទៀត​ដូចជា អាស៊ាន​-​ត្រ​យ​ការ និង​យន្តការ​ផ្សេងទៀត​នេះ គឺ​យើង​នឹង​ពិភាក្សា​ឲ្យ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន នឹង​ជួប​ពិភាក្សាគ្នា ដើម្បី​រក​មធ្យោបាយ​ក្នុងការ​ជំរុញ​ការងារ​ទៅមុខទៀត​។ នៅក្នុង​ជំនួប​នេះដែរ ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏បាន​អរគុណ​សម្ដេច​តេ​ជោ នូវ​កិច្ចសន្ទនា​ដែលមាន​សារៈសំខាន់​នេះ ហើយ​ឯកឧត្តម​សង្ឃឹមថា យើង​នឹង​ស្វែងរក​នូវ​ដំណោះស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​នេះ នៅពេល​ខាងមុខ ។​

សម្តេច​តេ​ជោ ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់ ឯកឧត្តម​ប្រធានាធិបតី ចំពោះ​កិច្ចពិភាក្សា​នេះ ដើម្បី​ធ្វើយ៉ាងណា ឱ្យមាន​វឌ្ឍនភាព​នៃ​ការងារ​របស់​យើង ហើយ​សម្ដេច​បាន​គូស​បញ្ជាក់ដែរថា បច្ចុប្បន្ននេះ អាស៊ាន ពិតជា​មានការ​ងារ​ធ្វើ​ច្រើនណាស់ ហើយ​យើងទាំងអស់គ្នា​នៅក្នុង​អាស៊ាន ក៏​មិនត្រូវ​ក្លាយជា​ចំណាប់ខ្មាំង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ហើយ​យើង​ត្រូវតែ​ខិតខំ​ជំរុញ​ធ្វើយ៉ាងណា បោះជំហាន​ទៅមុខ ដើម្បី​ជំរុញ​ការងារ​របស់​យើង ដូច្នេះហើយ​យើង​នឹង​ឱ្យ​រដ្ឋមន្ត្រីការបរទេស​របស់​យើង ជួបពិភាក្សា​គ្នា​នៅពេល​ខាងមុខនេះ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close