របាយការណ៍ ៖ ឆ្នាំ២០២១ ទេសចរអន្តរជាតិមក​កម្ពុជាធ្លាក់ចុះ ៨៥%

ក្រសួងទេសចរណ៍បាន​ឲ្យដឹងនៅ​ក្នុង​របាយការណ៍​របស់ខ្លួនថា កាលពីឆ្នាំ​២០២១ ប្រទេស​កម្ពុជាទទួល​បានភ្ញៀវទេសចរ​អន្តរជាតិ​ចំនួនជិត ២០ម៉ឺននាក់ ដែល​ចំនយននេះ​មាន​ការ​ថយ​ចុះ​ចំនួន ៨៥ភាគរយ បើធៀប​នឹង​ឆ្នាំ​២០២០។

របាយការណ៍ដដែលគូសបញ្ជាក់ថា ក្នុងចំណោមភ្ញៀវអន្តរជាតិជិត ២០ម៉ឺននាក់នោះ អ្នកមកតាមផ្លូវអាកាសមានចំនួន៩៩,៨២៩នាក់ ថយចុះ៨៦.៨% និងអ្នកមកតាមផ្លូវគោកមានចំនួន ៩៦,៦៦៦នាក់ ថយចុះ៨២.៤% រីឯភ្ញៀវទេសចរដែលមកតាមផ្លូវទឹកវិញ គឺគ្មានឡើយនៅក្នុងឆ្នាំ២០២១។

សម្រាប់ទេសចរផ្ទៃក្នុង ពោល​គឺភ្ញៀវទេសចរជាតិមានចំនួន ៤,៦៦៣,០៨២នាក់ ថយចុះ ៣៥.៥% និងភ្ញៀវអន្តរជាតិដែលស្នាក់នៅកម្ពុជាមានចំនួន ២៧៩,២៧៨នាក់ ថយចុះ៨៤.៦% បើធៀបនឹងឆ្នាំ២០២០កន្លងទៅ។

បើតាមរបាយការណ៍ដដែល ទេសចរកម្ពុជាធ្វើដំណើរចេញក្រៅប្រទេស គឺមានចំនួន ៣០,៥១៧នាក់ ថយចុះ ៩០.៦% បើធៀបនឹងឆ្នាំ២០២០ ខណៈទេសចរបរទេសដែលចេញពីកម្ពុជាមានចំនួន ១៨៣,៦០៨នាក់ផងដែរ។

សូមបញ្ជាក់ថា ការធ្លាក់ចុះ​នៃចំនួនភ្ញៀវទេសចរកាលពីឆ្នាំ​២០២១ មិន​មែន​មាន​តែ​ប្រទេស​កម្ពុជានោះទេ ពោល​គឺប្រទេស​នៅទូទាំងតំបន់ និង​ពិភពលោក ក៏​មានការធ្លាក់ចុះដូចគ្នា ដោយ​សារវិធានការបិទប្រទេសក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close