ផលិតផល​ខ្មែរ នឹងមាន​ដាក់លក់ នៅតាម​បណ្តា​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី

​ភ្នំពេញ​៖ កាលពី​ចុង​ស​ប្តា​ហ៌​កន្លងទៅ ក្រសួងពាណិជ្ជកម្ម បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហការ​ជំរុញ និង​បង្កើន​ការលក់​ផលិតផល​ខ្មែរ នៅតាម​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី ក្នុង​០៥​រាជធានី​-​ខេត្ត ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក Nuttapong Kaewtrakulpong អភិបាល​ក្រុមហ៊ុន​ភី​ធី​ធី (​ខេ​ម​បូ​ឌា​) ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​។​

​គោលបំណង​នៃ​អនុស្សរណៈ​នេះ​គឺ ជួយ​ជ្រោមជ្រែង​លើកកម្ពស់​ផលិតផល​ខ្មែរលើ​ទីផ្សារ​ក្នុងស្រុក អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា នៅលើ​មូលដ្ឋាន​នៃ​តម្លាភាព និង​ផលប្រយោជន៍​សហគមន៍ ជំរុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក បង្កើន​និង​កសាង​សមត្ថភាព​សហគ្រិន ក៏ដូចជា​បង្កើត​ឱកាស​ធុរកិច្ច​សម្រាប់​ចូលរួម​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​លើកស្ទួយ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​ប្រកប ដោយ​បរិ​យា​ប័ន្ន​។  ​កិច្ចសហប្រតិបត្តិការ​នេះ​នឹងចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច ជាពិសេស​ជំរុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ស្រទាប់​មហាជន ព្រមទាំង​ជំរុញឱ្យមាន​ទីផ្សារ​សម្បូ​រ​បែប​សម្រាប់​ផលិតផល​ក្នុងស្រុក​។​

​អនុស្សរណៈ​នេះ​នឹង​អនុវត្ត​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​ចំនួន ០៥ ចាប់ពី​ចុងខែ​មករា ឆ្នាំ​២០២២ នេះ​តទៅ ដែល​ទីតាំង​ទាំងនោះ​រួមមាន​៖ រាជធានី​ភ្នំពេញ (២​ទីតាំង​គឺ ច្បារអំពៅ និង​ព្រែក​ភ្នៅ​), ខេត្តសៀមរាប​, ខេត្តកំពង់ឆ្នាំង​, ខេត្តកំពង់ចាម (​ស្គន់​), និង​ខេត្តតាកែវ​។ ក្រុមហ៊ុន​ស្នើសុំ​ដាក់លក់​ផលិតផល​ដូចជា​៖ ផ្លែឈើ​តាម​រដូវ​កាល នំ និង​ផលិតផល​ធ្វើ​ដោយ​ដៃ​តាម​តំបន់ (​វត្ថុ​អនុ​ស្សារី​យ៍​) ហើយ​ក្រុមហ៊ុន​នឹង​ផ្តល់​ទីតាំង​លក់​ដោយ​ឥតគិតថ្លៃ ដោយ​ធ្វើជា​ស្តង់​រួមមួយ​ដែល​អាចឱ្យ​អាជីវករ​ចូល​លក់​មិន​លើសពី ១០​នាក់​។​

​ក្រៅពី​គម្រោង​សាកល្បង​រយៈពេល​៧​ថ្ងៃ​ត្រូវ​បានបញ្ចប់ ក្រុមហ៊ុន​ភី​ធី​ធី (​ខេ​ម​បូ​ឌា​) នឹង​អនុវត្ត​គម្រោង​បន្ដ​ចំនួន​៣​ទៀត ដែល​នឹង​រៀបចំ​នៅ​ខែឧសភា ខែសីហា និង​ខែវិច្ឆិកា ឆ្នាំ​២០២២ ដែលមាន​អាជីវករ​ចូលរួម​ដើម្បី​លក់​ផលិតផល​ខ្មែរ​មាន​ចំនួន​សរុប ៦៣​នាក់​។

​គម្រោង​នេះ​នឹង​រៀបចំ​លក់​នៅ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៅតាម​បណ្តា​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី មួយចំនួន ដូចជា​៖ ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២២ នៅ​ស្ថានីយ​ចំនួន​១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ លេខ​៣ និង​លេខ​៤, ក្នុង​ត្រីមាស​ទី​៣ នៅ​ស្ថានីយ៍​ចំនួន​១០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ និង​ក្នុង​ត្រីមាស​ទី​៤ នៅ​ស្ថានីយ៍​ចំនួន​០៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close