សម្តេច ស ខេង ៖ សារធាតុញៀន​រាប់តោន​ដឹកចូលមក​កម្ពុជា​ដោយស្របច្បាប់ តាមរយៈអាជ្ញាប័ណ្ណរបស់ក្រសួងមួយ

ក្នុងពិធីប្រគល់រថយន្ត​ដល់មន្រ្តីនគរបាលព្រំដែន កាលពីថ្ងៃអង្គារ (២៥ មករា) សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បានលើក​ឡើងថា នៅប៉ុន្មានខែចុងក្រោយនេះ មានសារធាតុញៀនរាប់តោនបានដឹកចូលមកតាមច្រកកម្ពុជាដោយស្របច្បាប់ ហើយខ្លះទៀតនាំចូលដោយលួចលាក់។

បើតាម​​សម្តេចក្រឡាហោម សារធាតុញៀនដែលត្រូវគេ​នាំចូល​នោះ គឺដោយសារមានការធ្វេសប្រហែសពីមន្ត្រីពាក់ព័ន្ធមួយចំនួន​ដែលអនុញ្ញាតឲ្យមានការនាំចូលដោយស្របច្បាប់។

«សុំឱ្យក្រសួងដែលជាក្រសួងអាជ្ញាបណ្ណ, ខ្ញុំនិយាយប៉ុណ្ណឹង ដោយខ្ញុំមិនបាច់និយាយឈ្មោះទេ ដឹងហើយក្រសួងអាជ្ញាបណ្ណ។ សូមឯកឧត្តមរដ្ឋមន្ត្រី មើលរឿងហ្នឹង បើមិនអ៊ីចឹងទេ ឯកឧត្តមនឹងជាប់ជំពាក់ទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ។ ហើយអាជ្ញាធរគ្រឿងញៀន ក៏ដូចគ្នាដែរ ត្រូវតែមើលរឿងហ្នឹងឱ្យបានច្បាស់លាស់»។

បើយោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅ​ក្នុងឆ្នាំ២០២១ អាជ្ញាធរបានបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសបានចំនួន៦២៤២ករណី ដោយឃាត់មនុស្សដែលពាក់ព័ន្ធនឹងគ្រឿងញៀន​បានចំនួន​១៣៧៦៥នាក់ និងរឹបអូសបានគ្រឿងញៀនចំនួន៤៤៣៥គីឡូក្រាម,កញ្ឆា ៥២២១៤ដើម និង កញ្ឆាស្ងួតជាង១៤១គីឡូក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close