សម្ដេច​ក្រឡាហោម អនុញ្ញាត​ជូន​ឯកអគ្គរដ្ឋទូត​នេ​ប៉ាល់ ទើប​តែងតាំង​ថ្មី ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម​

​ភ្នំពេញ​៖ កាលពី​រសៀល ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ជូន​ឯកឧត្តម Genesh Prasad Dhakal ឯកអគ្គរដ្ឋទូត​នេ​ប៉ាល់ ទើប​តែងតាំង​ថ្មី ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។ ​សម្ដេច​ក្រឡាហោម បាន​ថ្លែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ឯកឧត្តម ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​នេ​ប៉ាល់​ប្រចាំ​នៅ​កម្ពុជា​។

​សម្ដេច​ក្រឡាហោម ក៏បាន​មានប្រសាសន៍ថា មាន​មូលដ្ឋាន​សំខាន់ៗ​២ ដែល​រួមចំណែក​ដល់​ការពង្រឹង​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា នេ​ប៉ាល់ គឺ​ទីមួយ ផ្អែកលើ​មូលដ្ឋាន​នៃ​ការផ្លាស់ប្ដូរ​ទំនាក់ទំនង​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ ដែល​តាមរយៈ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​នោះ ក៏​នាំទៅដល់​ការចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រលើ​វិស័យ​ធំៗ ដូចជា​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ជាដើម ដែល​មូលដ្ឋាន​នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។
​ចំណែក​មូលដ្ឋាន​ទី​ពីរ ត្រូវបាន​សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា​ប្រទេស​កម្ពុជា មាន​ប្រជាជន​ភាគច្រើន ឬ​ប្រមាណ​៩០​ភាគរយ ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ហើយ​ព្រះពុទ្ធសាសនា​ក៏​ជា​សាសនា​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​នេ​ប៉ាល់​គោរព​ប្រតិបត្តិ​ផងដែរ​ដែល​គឺជា​មូលដ្ឋាន​សំខាន់​នាំទៅដល់​ការផ្សាភ្ជាប់ និង​ជា​មូលដ្ឋាន​នៃ​ការបង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។

​សម្ដេច ក៏មាន​សេចក្ដីសង្ឃឹម​ជឿជាក់ថា​តាមរយៈ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម សម្ដេច​ជឿជាក់ថា​កម្ពុជា និង​នេ​ប៉ាល់​នឹងមាន​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​បន្ថែមទៀត​ដែល​បំរើ​ផលប្រយោជន៍​ទៅវិញ​មករ​វាង​ប្រទេស​ទាំងពីរ ក៏ដូចជា​រួមចំណែក​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​សម្រាប់​ប្រទេស​ទាំងពីរ​។​

​ឯកឧត្តម ឯក​គ្គ​រដ្ឋទូត​នេ​ប៉ាល់ បាន​ថ្លែងអំណរគុណ និង​សម្ដែង​ការឯកភាព​ចំពោះ​ការវាយតម្លៃ​របស់​សម្ដេច​ក្រឡាហោម ទៅលើ​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ កម្ពុជា នេ​ប៉ាល់ ដោយ​ឯកឧត្តម បាន​ជម្រាបជូន​សម្ដេច ថា​ជា​ការពិត​កន្លងមក តាមរយៈ​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​ពិតជា​បាន​ឈានទៅ​ចុះហត្ថលេខា​សហប្រតិបត្តិ​កា​រលើ​វិស័យ​សំខាន់ៗ​មួយចំនួន ជាពិសេស​គឺ​ការលើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ហើយ​ឯកឧត្តម ក៏​សូម​សម្ដែង​ការគាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ក៏ដូចជា​ការលើកឡើងរ​បស់​សម្ដេច​ក្រឡាហោម ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ពិសេស​លើ​វិស័យ​ដែល​ស្ថិតក្រោម​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ជាមួយនឹង​សម​ភាគី​នេ​ប៉ាល់​។​

​ឯកឧត្តម ក៏បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម ដែរ​ថា​ប្រទេស​ទាំងពីរ​កម្ពុជា និង​នេ​ប៉ាល់ បាន​បង្កើត​ទំនាក់ទំនង​គ្នា​យ៉ាង​ខ្លាំងក្លា​លើ​វិស័យ​សាសនា ដោយសារតែ​ជា​ប្រទេស​ប្រកាន់ និង​គោរព​ព្រះពុទ្ធសាសនា ហើយ​នេ​ប៉ាល់ ក៏​ជា​ប្រទេស​ដែល​ពុទ្ធសាសនិក​គ្រប់រូប​បានដឹងថា​ទីកន្លែង​កំណើត​របស់​ព្រះពុទ្ធ ដូច្នេះ​ផ្អែកលើ​ទំនាក់ទំនង​ក្នុង​វិស័យ​សាសនា​នេះ​ក៏បាន​រួមចំណែក​ដល់​ការពង្រីក​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ខ្លាំ​ក្លា​ថែមទៀត​។

​ឯកឧត្តម ក៏បាន​យក​ឱកាស​នេះ​ជំនួប​នេះ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សម្ដេច​ក្រឡាហោម ដែល​កន្លងមក​បាន​ជួយ​សម្រួល​ដល់​ជនជាតិ​ជា​ពលរដ្ឋ​នេ​ប៉ាល់​ដែល​ជាប់គាំង​នៅ​កម្ពុជា​ក្នុង​រយៈពេល​កូ​វីដ​-១៩ និង​បាន​ថ្លែងអំណរគុណ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដល់ជំនួយ​ផ្នែក​បរិក្ខា​សុខាភិបាល ជូន​ដល់​ប្រ​ទេ​នេ​ប៉ាល់ នៅពេល​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

​ជាការ​ឆ្លើយតប​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា​ជា​កាតព្វកិច្ច​របស់​ក្រសួងមហាផ្ទៃ គឺមាន​ភារកិច្ច​ក្នុង​ការជួយ​ដោះស្រាយ​នូវ​បញ្ហា​នានា​របស់​ជនបរទេស ពិសេស​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ដោយ​សម្ដេច បាន​ជម្រាបជូន​ថា​រាជរដ្ឋាភិបាល​កម្ពុជា​មិនមែន​ត្រឹមតែ​បាន​ជួយ​សម្រួល​ដល់​ជនបរទេស​ជាច្រើន​ដែល​ជួប​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​អន្តោប្រវេសន៍​ក្នុងស្ថានភាព​កូ​វីដ​-១៩​នោះទេ ប៉ុន្តែ​ថែមទាំង​បានចេញ​គោល​ការ​ផ្ដល់នូវ​វ៉ាក់សាំង​ដល់​ជនបរទេស​គ្រប់រូប​ដែល​ស្នាក់នៅ​កម្ពុជា​ផងដែរ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close