បែកធ្លាយ រឿងប្រធានសុរិយោដីខេត្តបន្ទាយមានជ័យ លួចរៀបឯកសារកាត់ដីរដ្ឋជិត ១ពាន់ហិកតាឲ្យឈ្មួញ ដោយមិនរងចាំការឯកភាពពីសម្តេចនាយករដ្ឋមន្ត្រី
លោក អាង ណារិទ្ធិ ដែលគេដឹងថា គឺជាប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ ត្រូវរងការចោទប្រកាន់ថា បានដឹកនាំក្រុមការងារចុះវាស់វែងដីតំបន់ ៣ ជាដីសាធារណៈរបស់រដ្ឋ ដើម្បីធ្វើប្លង់រឹងឲ្យទៅឈ្មួញមួយរូប គឺលោក លី សំអាន ខណៈឯកសារមិនទាន់មានចំណារយល់ពីសម្តេចនាយករដ្ឋមន្រ្តី និងការឆ្លើយតបរបស់អភិបាលខេត្តនោះទេ។

គួរបញ្ជាក់ថា កាលពីកំឡុងឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្តាយមានជ័យ បានស្នើសុំសម្តេចនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យឈ្មួញទិញដីឈ្មោះ លី សំអាន បន្តអាស្រ័យផលលើទីតាំងដីកសិកម្មស្ថិតក្នុងតំបន់៣ ដែលមានទីតាំងទី១ នៅភូមិការបៅ ឃុំភ្នំលៀប ចំនួន ៣៨០ហិកតា នៅភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះចំនួន ៣៩០ ហិកតា ប៉ុន្តែឈ្មោះលី សំអាន គ្មានសិទ្ធិចាត់ចែងគ្រប់ប្រភេទ និងមិនអនុញ្ញាតធ្វើជាកម្មសិទ្ធិនោះទេ។
ស្រាប់តែនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោក អាង ណារិទ្ធិ ប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីក្រោមឱវាទ និងភាគីពាក់ព័ន្ធ ១៣នាក់ ចុះធ្វើប្លង់បង្ហាញទីតាំងដី បម្រើផលប្រយោជន៍ឯកជន តាមការចង់បានរបស់លោក លី សំអាន។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានព័ត៌មានអំពីការចុះផលិតផែនទីគោល (ប្លង់បង្ហាញទីតាំងដី) ដែលជាជំហានផ្តល់កម្មសិទ្ធិស្របច្បាប់ឲ្យទៅឈ្មួញដីឈ្មោះ លី សំអាន លើទីតាំងតំបន់៣ ទំហំ ៧៧០ហិកតា ដោយមិនចាំការឆ្លើយតបពីសម្តេចជានាយករដ្ឋមន្ត្រីនេះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ស្នើឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យជួយមានវិធានការ បញ្ឈប់ការវាស់វែងកំណត់និយាមការព្រំដី ដែលកំពុងរងការរុករាន និងឈូសឆាយ នៅក្នុងតំបន់៣ជាបន្ទាន់។

លិខិតប្រគល់ ទទួលការកំណត់និយាមកាបង្គោលព្រំប្រទល់តំបន់៣ នៃបឹងទន្លេសាបជំហ៊ាន១ របស់ក្រុមប្រតិបត្តិការមុខព្រួញខេត្តបន្ទាយមានជ័យ ចុះហត្ថលេខា និងត្រាដោយអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ៧រូបផ្សេងទៀតក៏បានបង្ហាញថា និយាមកា ដីស្រែរបស់ឈ្មោះ លី សំអាន ស្ថិតក្នុងតំបន់៣ ព័ទ្ធដោយបង្គោលកំណត់ព្រំតំបន់៣ យ៉ាងតិចចំនួន៣បង្គោល។
ជុំវិញករណី រៀបចំឯកសារ និងប្លង់ដីរដ្ឋក្នុងតំបន់៣ជូនឈ្មួញឈ្មោះ លី សំអាន នេះ លោក អាង ណារិទ្ធិ ប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ថា បើចង់ដឹងអ្វី សូមទៅជួបលោកផ្ទាល់ លោកមិនអាចនិយាយតាមទូរស័ព្ទទេ។
ពលរដ្ឋ និងមន្ត្រីខេត្តបន្ទាយមានជ័យ ជាច្រើននាក់ ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែង ដើម្បីកែប្រែដីព្រៃលិចទឹកតំបន់៣ ដែលជាដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ឲ្យក្លាយទៅជាដីឯកជនរបស់រដ្ឋ ដើម្បីចេញប្លង់កម្មសិទ្ធិជូនឈ្មួញទិញដីឈ្មោះ លី សំអាន ប្រាកដជាមានលាក់បាំងនូវអំពើទុច្ចរិតបន្លំភ្នែកថ្នាក់ដឹកនាំ និងបានផលប្រយោជន៍តែមន្ត្រីគ្រាក់ៗមួយក្ដាប់តូចនៅក្នុងខេត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។