ការធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២។

សន្និបាតឆ្នាំនេះបានរៀបចំឡើងក្រោមប្រធានបទ៖ “ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយ ផ្តោតលើបច្ចេកវិទ្យាទំនើប” ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្ដូរយោបល់ និងដកស្រង់បទពិសោធន៍ល្អៗ ការអនុវត្តតាមអនុសាសន៍ដ៏ល្អប្រពៃ មានតម្លៃ និងប្រកបដោយគតិ បណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវ ដោះស្រាយ បំពេញបន្ថែម និងកែលម្អចំណុចខ្វះខាតនានាដែលមានកន្លងមក និងដើម្បីឈានទៅអនុវត្ដទិសដៅនិងការងារថ្មីៗ នៅ បណ្ដាឆ្នាំខាងមុខ ជាពិសេសឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីទិសដៅការងារបន្ត ដែលរួមមាន៖ ការងារបច្ចេកវិទ្យា ព័ត៌មាន និងជំរុញការរៀបចំបដិវត្តឌីជីថលក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម ការ សហការបង្កើតប្រព័ន្ធTelegram សម្រាប់តាមដាននិងការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តច្បាប់ ចរាចរណ៍ ការគ្រប់គ្រងការបើកបរលើសល្បឿនកម្រិតកំណត់ ការចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី ការពង្រឹងគុណភាពមន្ត្រីការងារ ត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ និងត្រួតពិនិត្យយានដ្ឋានកែច្នៃនិងដំឡើងយានយន្ត ការជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី ការអភិវឌ្ឍបណ្តុះបណ្តាលធនធានមនុស្ស ការជំរុញ បន្ថែមយុទ្ធនាការផ្សព្វផ្សាយនិងបណ្តុះបណ្តាលនៅតាមមន្ទីររាជធានី-ខេត្តនូវកម្មវិធីស្មាតហ្វូន App សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការជួសជុលនិងថែទាំផ្លូវថ្នល់។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីទិសដៅការងារពង្រីកបន្ថែមយុទ្ធនាការ រឹតបន្តឹងការពាក់មួកសុវត្ថិភាព ទិវាជាតិសុវត្ថិភាពចរាចរណ៍ និងទិវាជាតិរំលឹកដល់ជនរងគ្រោះដោយ គ្រោះថ្នាក់ចរាចរណ៍ បន្តជំរុញការគ្រប់គ្រងថែរក្សាដីចំណីថ្នល់ និងរៀបចំការគ្រប់គ្រងដីចំណីថ្នល់តាមប្រព័ន្ធព័ត៌មានវិទ្យា ឬកម្មវិធីស្មាតហ្វូនApp បន្តចរចានិងជំរុញផ្នែកឯកជនលើការវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនិងក្រុងព្រះសីហនុ និងតំបន់សំខាន់ផ្សេងទៀត ពិសេសតំបន់ច្រកទ្វារព្រំដែន ដោយផ្អែកលើគោលការណ៍កសាង ប្រតិបត្តិ ផ្ទេរ (BOT)។
សូមជម្រាបជូនថា៖ គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ និងផ្លូវជនបទរបស់យើង បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួច ប្រមាណជាង១៥ ០០០គីឡូម៉ែត្រ ហើយបាន និងកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់(DBST) ទៅបេតុងកៅស៊ូ(AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួន។ ដោយឡែកកំណើនរថយន្ត និងទោចក្រយានយន្តដែលចរាចរណ៍នៅតាមដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្ត មានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី ២០ម៉ឺនគ្រឿង រហូតដល់ ៥,២លានគ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។