កំណាត់​ផ្លូវជាតិ​លេខ​២១B សម្រេចបានការស្ថាបនា​ ៩៥%​ហើយ​!

​ខេត្តកណ្តាល​៖ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​លើក​កម្រិត​គុណភាព និង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវជាតិ​លេខ​២១B ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាល ខេត្តកណ្តាល មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ក្រុមហ៊ុន​សាងសង់ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​។​

​ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ប្រមាណ​៣​គីឡូម៉ែត្រ​ចាប់ពី​ផ្លូវបំបែក ផ្លូវជាតិ​លេខ​២​ដល់​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង ឋិត​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តកណ្តាល មាន​ទទឹងផ្លូវ​១១​ម៉ែត្រ ជម្រាល​ទទឹងផ្លូវ​៣% កម្រាស់ Stabilize ២០០​មី​លី​ម៉ែត្រ អ៊ុត​បេតុង​កៅស៊ូ​(AC) កម្រាស់​១៥​សង់ទីម៉ែត្រ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​Stabilizer អនុវត្ត​គម្រោង​ដោយ​នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​បច្ចេកទេស​សាធារណការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​យោងតាម​របាយការណ៍​អគ្គនាយកដ្ឋាន​សាធារណការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គម្រោង​លើក​កម្រិត​គុណភាព និង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវជាតិ​លេខ​២១B ដែល​បាន​ចាប់​អនុវត្ត​តាំងពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១​មក គិត​រហូត​មកទល់ពេលនេះ វឌ្ឍនភាព​ការងារ​សម្រេចបាន ៩៥%​ហើយ​។

​គួរកត់សម្គាល់​ផងដែរ​ថា​៖ គ្រឿងចក្រ Stabilizer នេះ​ជា​ជំនួយ​ពី​ប្រទេស​ជប៉ុន អាចជួយ​ឱ្យ​កា​សាងសង់​ផ្លូវ​កាន់​តែមាន​ភាពរឹងមាំ កាត់បន្ថយ​ផលប៉ះពាល់​ចរាចរ​ណ៏ កាត់បន្ថយ​រយះពេល​សាងសង់ និង​ប្រើប្រាស់​បានយូរ ស្របតាម​បរិបទ​នៃ​ការដឹកជញ្ជូន​នាពេល​បច្ចុប្បន្ន ។ គ្រឿងចក្រ​ប្រភេទ​នេះ​គឺ​ប្រើប្រាស់​គ្រឹះ​ផ្លូវ និង​ផ្ទៃ​កម្រាល​កៅស៊ូ​ចាស់​ដែល​ខូច​ឡើងវិញ​បាន ចំណេញ​ថវិកា និង​ពេលវេលា​ក្នុងការ​ជួសជុល​សាងសង់​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close