គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ១៨​គ្រាប់ ត្រូវបាន​ប្រទះឃើញ​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​

បន្ទាយមានជ័យ​៖ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅសល់​តាំងពី​ជំនាន់​សង្គ្រាម​ចំនួន​១៨​គ្រាប់ ត្រូវបាន​ប្រជាពលរដ្ឋ​ភ្ជួរស្រែ​ប្រទះឃើញ​នៅ​ចំណុច​ភូមិ​តា​ដួល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ ហើយ​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ដើម្បី​យកទៅ​កម្ទេចចោល ជៀសវាង​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។​

​អាជ្ញាធរ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រែ​ដែល​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅសល់​តាំងពី​ជំនាន់​សង្គ្រាម​ចំនួន​១៨​គ្រាប់​នោះ មានឈ្មោះ ស៊ាំ​ង ចាយ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តា​ដួល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ គ្រាប់​យុទ្ធភណ្ឌ​ទាំងនោះ មាន​ប្រភេទ DK82 ចំនួន​១៥​គ្រាប់ ប្រភេទ Mine69 ចំនួន​១​គ្រាប់ និង​ប្រ​ភ​ទ 60mm ចំនួន​២​គ្រាប់​។​

​ប្រព​ភ​បន្តថា ក្នុងពេល​ទទួលបាន​ដំណឹង​ពី​ប្រជាពលរដ្ឋ​នោះ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្គាំ​ក៏បាន​ផ្តល់ព័ត៌មាន​ទៅ​ក្រុម​ស៊ីម៉ាក ដើម្បី​ចុះ​ដោះ​គ្រាប់​សំណល់​សង្គ្រាម​ទាំងនេះ​ទៅ​កម្ទេចចោល​នៅពេល​ខាងមុខ​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close