មិនខ្វល់ពីការព្រមាន កូរ៉េខាងជើងសាកល្បងមីស៊ីលលើកទី៦ ក្នុងខែមករាឆ្នាំ២០២២

នៅព្រឹកថ្ងៃទី ២៧ខែមករា កម្លាំងទាហានកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងថា កូរ៉េខាងជើងទើបតែបានសាកល្បងមីស៊ីល ពីរគ្រប់បន្ថែមទៀតទៅកាន់តំបន់សមុទ្រភាគខាងកើត។

នៅក្នុងសេចក្តីប្រកាស គណទីបញ្ជាការកម្លាំងទាហានចម្រុះអាមេរិក JCS បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីទីក្រុង Hamhung ទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី ២៧ខែមករា។
ទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ បានផ្សាយថា ប្រភពពីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តមីស៊ីលចំនួន ២គ្រាប់ទៀតហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយវាក៏ជាលើកទី ៦ ផងដែរសម្រាប់ខែមករាដើមឆ្នាំ ២០២២។
បើតាមប្រភពដដែល មីស៊ីលដែលកូរ៉េខាងជើងទើបបាញ់តេស្តនេះ គឺជាប្រភេទមីស៊ីលបាលីស្ទីក (ballistic missiles) ។ បើតាមប្រភពពីប្រទេសជប៉ុនវិញ គ្រាប់មីស៊ីលកូរ៉េខាងជើងខាងលើនេះ ទំនងជាបានធ្លាក់នៅតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃសមុទ្រជប៉ុន។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំគណបក្សលោក ដើម្បីបើកទំព័រឆ្នាំ ២០២២ នោះបានប្តេជ្ញាថា នឹងបង្កើនសមត្ថភាពយោធាកូរ៉េខាងជើងបន្ថែមទៀត ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក ហើយលោកក៏បានបង្ហើប អំពីការចាប់ផ្តើមឡើងវិញ នូវសកម្មភាពទាំងឡាយ ដែលត្រូវបានផ្អាកកន្លងមកនេះផងដែរ។ ប្រការនេះបាននាំឲ្យអន្តរជាតិ នឹកឃើញដល់ការធ្វើតេស្ត អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។