ក្រសួងទេសចរណ៍ បើក​យុទ្ធនាការ “​កម្ពុជា​៖ គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង​”

​ភ្នំពេញ​៖ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២ ក្រសួងទេសចរណ៍ បានរៀបចំ​កម្មវិធី​បើក​យុទ្ធនាការ “​កម្ពុជា​៖ គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង​” ដោយមាន​ការសហការ​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល​និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយមាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា​នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំ​ងឹ​កូ​វីដ​-១៩ និង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​ជាតិ​វាយ តម្លៃ​ទីក្រុង​ស្អាត​។​

​ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនាការ​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើកឡើង​នូវ​អនុសាសន៍​មួយចំនួន ដូចតទៅ​៖
១.​រួមគ្នា​ឱ្យ​យុទ្ធនាការ “​កម្ពុជា​៖ ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង​” ក្លាយជា​មធ្យោបាយ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដ៏​មាន​ប្រសិទ្ធភាព​៖
២.​រួមគ្នា​ឱ្យ​យុទ្ធនាការ “​កម្ពុជា​៖ ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង​” សម្រាប់​គាំទ្រ​របៀង​ទេសចរណ៍​អាស៊ាន និង​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​អាស៊ាន​
៣.​រួមគ្នា​ឱ្យ​យុទ្ធនាការ “​កម្ពុជា​៖ ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង​” ដើម្បី​ពង្រឹង​ភាព​ធន់​កាន់តែ​ប្រសើរ (Resiliency) នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​
៤.​រួមគ្នា​ចូលរួម​ពង្រឹង​យន្តការ​គាំទ្រ​ដល់​យុទ្ធនាការ “​កម្ពុជា​៖ ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង​”
​បន្ថែម​ពីនេះ​។​

​ឯកឧត្តម​បានស្នើ​ឱ្យ​ទីតាំង​ដែលមាន​ឧបនិស្ស័យ​ទេសចរណ៍​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី ជាអាទិ៍ ផ្សារ រោងភាពយន្ត​, សារមន្ទីរ​, វត្ត​អារាម​, ទីតាំង​សាសនា​, ចំណតរថយន្ត​ក្រុង និង​ព្រលាន​យន្ត​..​។​ល​។

​ឯកឧត្តម បានប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​អប្បបរមា​ចំនួន​៤៖
​ទី​១)-​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ផ្សារ​ទំនើប​
​ទី​២)-​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ផ្សារ​ទំនើប​ខ្នាតតូច​
​ទី​៣)-​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ផ្សារ​សាធារណៈ
​និង ទី​៤)-​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ផ្សារ​មិន​រៀបរយ​។​

​ក្នុង​ពិធី​បើក​យុទ្ធនាការ​នេះ ឯកឧត្តម​ក៏បាន​ស្នើឱ្យ​បន្ត​ជំរុញ​យុទ្ធនាការ ឬ​ចលនា​ប្រឡងប្រណាំង​នានា ជាអាទិ៍ ៖ ចលនា​ប្រឡងប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​” ចលនា​ប្រឡងប្រណាំង “​ស្រុក​ស្អាត​”, “​ទីប្រជុំជន​ស្អាត​” ,“​ភូមិ​ទេសចរណ៍​ស្អាត​”, “​បង្គន់​សាធារណៈ​ស្អាត​” ,“​ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​” និង “​ស្តង់ដា​រង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​”, “​យុទ្ធនាការ​គ្មាន​ថង់​ប្លា​ស្ទីក​នៅតាម​ទីតាំង​ទេសចរណ៍​សំខាន់ៗ​”, “​សាលា​មេត្រីភាព​បរិស្ថាន​”…​ជាដើម​។​ល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close