អារ៉ាប់​ប៊ី​អា​អូឌីត ពិភាក្សា​ជាមួយ​កម្ពុជា ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍

​ភ្នំពេញ​៖ អារ៉ាប់​ប៊ី​សា​អូឌីត​បាន​ជួបពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​ការតភ្ជាប់​ជើងហោះហើរ​រវាង​ប្រទេស​ទាំងពីរ បន្ទាប់ពី​ដឹងថា​កម្ពុជា​បានប្រកាស​ពី​គោលដៅ​ទេសចរណ៍ សុវត្ថិភាព ផ្ដល់​ភាពកក់ក្ដៅ​ដល់​ភ្ញៀវទេសចរ​។​

​ជំនួប​ពិភាក្សា​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោក សា​អូដ អាល់ ស៊ូ​វេ​លីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​អារ៉ាប់​ប៊ី​សា​អូឌីត​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​រដ្ឋធានី​ហាណូយ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​ឯកអគ្គរាជទូត​អារ៉ាប់​ប៊ី​សា​អូឌីត បាន​មើលឃើញ​ពី​វឌ្ឍនភាព និង​កោតសរសើរ​ចំពោះ​កម្ពុជា​ដែល​បាន​គ្រប់គ្រង​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ប្រកបដោយ​គុណភាព និង​បាន​អនុវត្ត​គោលនយោបាយ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ទូទាំងប្រទេស​បាន​យ៉ាង​ឆាប់រហ័ស ពិសេស​គឺ​ការបើក​វិស័យសេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​ឡើងវិញ​។​

​លោក​ឯកអគ្គរាជទូត បាន​បន្តថា ក្នុងនាម​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​ជា​ប្រទេស​សមាជិក G20 រដ្ឋាភិបាល​បាន​ដាក់ចេញ​ចក្ខុវិស័យ​ថា នៅ​ឆ្នាំ​២០៣០ ត្រូវ​ក្លាយជា​គោលដៅ​ទេសចរណ៍​ពិភពលោក​ដ៏​សំខាន់​មួយ ក្នុងនោះ​អារ៉ាប់​ប៊ី​សា​អូឌីត​ក៏​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​កម្ពុជា​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​ប្រទេស​ខ្លួន​ផងដែរ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​អំពី​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា ដែល​បាន​ដាក់ចេញ​គោលនយោបាយ យុទ្ធសាស្ត្រ​ផ្សេងៗ​ក្នុង​ការបើក​ទេសចរណ៍​ក្នុង​តំបន់​ឡើងវិញ​។ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនទី​ចង្អុល​ផ្លូវ ដើម្បី​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​និង​ក្រោយ​ដំណាក់​កាលវិបត្តិ​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​យុទ្ធសាស្ត្រ​ទេសចរណ៍​ចាក់​វ៉ាក់សាំង​ជាដើម​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​អះអាង​ចំពោះ​លោក​ឯកអគ្គរាជទូត​ថា កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​មួយ​ប្រកបដោយ​សុវត្ថិភាព ដែល​បាន​ស្ដែង​ឱ្យឃើញ​នៅក្នុង​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ (AFT 2022) នៅ​ក្រុងព្រះសីហនុ​កន្លងទៅ​។ ក្នុងចំណោម​ភ្ញៀវ​អន្តរជាតិ​ជាង​៤០០​នាក់ មកពី​២៧​ប្រទេស មុនពេល​ត្រលប់​ទៅវិញ ពួកគេ​បានធ្វើ​តេស្ត PCR គឺ​មិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩​ឡើយ​។ លោក​រដ្ឋមន្ត្រី​បានស្នើ​ឱ្យ​លោក សា​អូដ អាល់ ស៊ូ​វេ​លីម ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ទៅក្នុង​ទីផ្សារ​ទេសចរណ៍​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​។​

​ឯកឧត្ដម ថោង ខុន បានស្នើ​ដល់​អារ៉ាប់​ប៊ី​សា​អូឌីត​តាមរយៈ​លោក សា​អូដ អាល់ ស៊ូ​វេ​លីម ជួយ​ព​ន្លឿ​ន​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ខណៈ​ភាគី​កម្ពុជា​បាន​ផ្ញើ​សេចក្ដីព្រាង​អនុស្សរណៈ​នេះ​ទៅកាន់​ភាគី​អារ៉ាប់​ប៊ី​សា​អូឌីត​រួចហើយ នៅឡើយ​តែ​ការឆ្លើយតប​មក​ភាគី​កម្ពុជា​វិញ​។ ចំពោះ​សំណើ​នេះ លោក​ឯកអគ្គរាជទូត​អារ៉ាប់​សា​អូឌីត​ក៏បាន​ទទួលយក និង​សន្យា​លើកឡើង​ជូន​រដ្ឋាភិបាល​របស់លោក ដើម្បី​ជំរុញ​ឱ្យ​កិច្ចការងារ​នេះ​ឈានទៅ​សម្រេចបាន​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​ក្រៅពីនេះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​លើកឡើង​ពី​គោលបំណង​ចង់​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ជាមួយ​អារ៉ាប់​ប៊ី​សា​អូឌីត ដើម្បី​ជំរុញ​ដល់​ការផ្លាស់ប្ដូរ​ចរន្ត​ភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំងពីរ និង​ភ្ញៀវ​មកពី​ប្រទេស​ទី​បី​។ ការតភ្ជាប់​ជើងហោះហើរ​នេះ​អាច​ធ្វើឡើង​តាម​ទម្រង់​ត្រីកោណ (​ភ្នំពេញ​-​ព្រះសីហនុ​-​សៀមរាប​) ឬ​តាម​ទម្រង់​ផ្ទាល់​រី​យ៉ា​ដ​-​ភ្នំពេញ​ក៏​កាន់តែ​ប្រសើរ​។
​ជាការ​ឆ្លើយតប​របស់​លោក​ឯកអគ្គរាជទូត គឺ​នៅក្នុង​ខែឧសភា​ខាងមុខនេះ អារ៉ាប់​ប៊ី​សា​អូឌីត​នឹង​ត​ភ្ជាប់​ជើងហោះហើរ​ពី​រដ្ឋធានី​រី​យ៉ា​ដ (Riyadh) មក​រាជធានី​បាងកក​ប្រទេស​ថៃ និង​ពី​រាជធានី​បាងកក​មក​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​។ នៅពេល​បើកសម្ពោធ​ជើងហោះហើរ​ដំបូង​នោះ ក៏​នឹងមាន​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ទេសចរណ៍​អារ៉ាប់​ប៊ី​សា​អូឌីត​មកកាន់​ប្រទេស​កម្ពុជា​ផងដែរ​។​

​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​លើ​ការជំរុញ​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​មូស្លីម​ផងដែរ ដោយ​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចស្រេច​ក្នុង​ការទទួល​ភ្ញៀវទេសច​រ​មូស្លីម ក្នុងនោះ​ក្រសួងទេសចរណ៍​បានរៀបចំ​ផែនការ​ទាក់ទាញ​ទេសចរ​មូស្លីម​រួចហើយ​ដែរ​។ លោក​ថា នៅមុន​ពេល​ផ្ទុះ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​តែង​ធ្វើដំណើរ​ទៅមក​ជាប់​ឥត​ដាច់​។​

​ជាមួយគ្នា​នោះ ឯកឧត្ដម ថោង ខុន បានបង្ហាញ​ការអបអរសាទរ និង​គាំទ្រ​ចំពោះ​ការបង្កើត​ការិយាល័យ​តំណាង​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត ដើម្បី​ពង្រឹង​តួនាទី​ក្នុងការ​អភិវឌ្ឍ ក៏ដូចជា​ពង្រីក​សកម្ម​ភាព​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​នៅ​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​។ ម្យ៉ាងវិញទៀត ក៏​ដើម្បី​បង្ខិត​ទំនាក់ទំនង​រវាង​ទីស្នាក់ការ​កណ្ដាល​របស់ UNWTO នៅ​ទីក្រុង​ម៉ា​ឌ្រី​ត​ប្រទេស​អេ​ស្ប៉ា​ញ ជាមួយ​ការិយាល័យ​តំណាង​នៅ​ទីក្រុង​រី​យ៉ា​ដ​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close