ផ្លូវ​និង​ស្ពាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវ​៣៧១ បើក​ការដ្ឋាន​ហើយ​

ផ្លូវ និង​ស្ពាន​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ទៅកាន់​ផ្លូវ​៣៧១ ដែលមាន​ឈ្មោះថា ផ្លូវ​អ្នកឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី​ហ៊ុន នាង ត្រូវបាន​បើ​ការដ្ឋាន​ស្ថាបនា​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៦ តុលា ម្សិលមិញ នៅក្នុង​អភិវឌ្ឍ​តំបន់​ជើងឯក ខណ្ឌមានជ័យ​។​

​គម្រោង​ស្ថាបនា មហាវិថី​អ្នកឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី ហ៊ុន នាង មាន​ទទឹង ៣០​ម៉ែត្រ ទ្រូងផ្លូវ ១៨​ម៉ែត្រ ប្រវែង ២៨៧០​ម៉ែត្រ និង​ការស្ថាបនា​ស្ពាន​ឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី​ហ៊ុន​នាង ដែលមាន​ប្រវែង ៨០​ម៉ែត្រ ទទឹង ១៨​ម៉ែត្រ រួម​នឹង​ការ​ដាក់លូ​ទំហំ​ជាង ២​ម៉ែត្រ​ផងដែរ​។​

កំណាត់​ផ្លូវ​និង​ស្ពាន​ថ្មី​នេះ​ចេញពី​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវ​៣៧១ ពោលគឺ​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ កាត់​មហាវិថី​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ឆ្ពោះទៅកាន់​ផ្លូវ​៣៧១ មុខ​ផ្សារ​ប៉េសេ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា​៖​មហាវិថី​នេះ មាន​សារៈសំខាន់​ក្នុងការ​រំដោះ​ចរាចរ​ចេញពី​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវ​៣៧១ ដោយ​ឆ្លងកាត់​តំបន់​អភិវឌ្ឍន៍​បឹងទំពុន​_​ជើងឯក ដែលជា​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ទីក្រុង​បៃតង​។ ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ ត្រូវបាន​ប្រសិទ្ធ​នាម​ថា មហាវិថី​ព្រះ​ឧកញ៉ា​ភក្តី​សប្បុរស​ភោ​គា​ធិបតី​ហ៊ុន​នាង ហើយ​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ មាន​គោលបំណង​២ ទី​១ ដើម្បី​អនុវត្តន៍​គម្រោង​ប្លង់​មេ នៃ​តំបន់​អភិវឌ្ឍន៍​ជើងឯក និង​ទី​២ ដើម្បី​រៀបចំ​និង​សម្រួល​ឲ្យ​មាន​ចរន្ត​សរសៃឈាម​នៃ​ការធ្វើ​ចរាចរណ៍​បានល្អ​ប្រសើរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close