អាជ្ញាធរ​រាជធានីភ្នំពេញ នឹង​ផ្អាក​ចរាចរ​ជា​បណ្ដោះអាសន្ន នៅតាម​ផ្លូវជាតិ​លេខ​៥ ចូល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ០៦:០០​នាទី រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដើម្បីឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​មាន​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការផ្អាក​ចរាច​រ​ជា​បណ្ដោះអាសន្ន​នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី ហើយ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ចរាចរ​តាមផ្លូវ​ជាតិ​លេខ​៥ ចូល​រាជធានី​ភ្នំពេញ ត្រូវ​បង្វែរ​ទិស​ចរាចរ​តាម​ស្ពាន​ព្រែក​ព្នៅ ឬ​តាមផ្លូវ​លេខ​៥៩៨​។​

​ជាមួយគ្នានេះ ចំពោះ​យានយន្ត​ចេញពី រាជធានី​ភ្នំពេញ​ត្រូវ​បញ្ចៀស​ចរាចរ​ឡើង​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ហើយ​យានយន្ត​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ស្ពានដែក​បេ​ឡេ ត្រូវ​បង្វែរ​ទិស​តាម​ផ្លូវជាតិ​លេខ​៦ ឬ​មហាវិថី​អូ​ស៊ី​អាយ​ស៊ី ឆ្លងកាត់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​វិញ​។ ផុត​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ជាធម្មតា​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close