២​ថ្ងៃ នៃ​ចុង​សប្តាហ៍​នេះ​! ភ្ញៀវទេសចរ​ជាង ២១​ម៉ឺន​នាក់ បានចេញ​ដើរ​កម្សាន្ត​

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបង្ហាញ​ពី​ស្ថិតិ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នា​ចុង​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២២ ដោយ​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ២១៤,៦៣៣​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ២០២,៧០៤ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១១,៩២៩​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៥៧,៨២៣ នាក់​
* រាជធានី​ភ្នំពេញ ៣៤,០៦៥ នាក់​
* ខេត្តពោធិ៍សាត់ ២០,០១៤ នាក់​
* ខេត្តបាត់ដំបង ១៦,៧៨៣ នាក់​
* ខេត្តសៀមរាប ១៦,៥៤៦ នាក់​
* ខេត្តកំពត ១៣,៧០៨ នាក់​
​
សរុប​រយៈពេល​ពេញ​មួយខែ​មករា ដើមឆ្នាំ​២០២២​នេះ ដោយ​រាប់ទាំង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ផង មាន​ភ្ញៀវទេសចរ​ប្រមាណ ៣,១៥៨,៥៣៧​នាក់ ដែល​បាន​ដើរ​កម្សាន្ត នៅតាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំងប្រទេស ដែល​អាច​ចាត់ទុកថា​ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ងើប​ឡើងវិញ​ដ៏​ឆាប់រហ័ស​នៃ​វិស័យ​ទេសចរណ៍​ផ្ទៃ ក្នុង​សម្រាប់​ឆ្នាំ​២០២២​នេះ​។​

​ប្រជាពលរដ្ឋ​ដែលជា​ប់​ខ្សែស្រឡាយ​ចិន បាន​ត្រៀម​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ប្រជាជន​ចិន ដែល​នឹង​ប្រារព្ធ​ទៅ​ចាប់ពី​ថ្ងៃទី​៣១ ខែមករា ដល់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ ក៏ដូចជា​ធ្វើដំណើរ​កម្សាន្ត​នានា​ទូទាំងប្រទេស បើទោះបី​ពុំមាន​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​។​

​ជាមួយ​ចរន្ត​ភ្ញៀវទេសចរ​នេះ ក្រសួងទេសចរណ៍ បាន​បន្ត​ណែនាំ​ឲ្យ​មន្ទីរ​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​វិស័យ​ឯកជន បន្ត​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព ទេសចរណ៍ និង SOP ឲ្យ​បាន​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ពិសេស​នាឱកាស​ចូលឆ្នាំ​ប្រពៃណី​ចិន​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close