ឆ្នាំ​២០២៧ ចិន​និង​បង្រួម​បង្រួម​កោះ​តៃវ៉ាន់​ជាមួយ​ចិនដីគោក​

សាស្ត្រាចារ្យ​ស្តីពី​ទំនាក់ទំនង​អន្តរជាតិ លោក Jin Canrong បាន​ព្រមាន​ថា ប្រធានាធិបតី​ចិន ស៊ី​ជិន​ពី​ន​នឹង​ប្រើប្រាស់​កម្លាំង​ដើម្បី​ពង្រួប​បង្រួម​កោះ​តៃវ៉ាន់​ជាមួយ​ចិនដីគោក​នៅក្នុង​ឆ្នាំ​២០២៧ ។

​សារព័ត៌មាន Nikkei Asia នៅ​ថ្ងៃទី ៣១​ខែមករា​ឆ្នាំ​២០២២​ដោយបាន​ដកស្រង់​សំដី លោក Jin Canrong ជា​សាស្ត្រាចារ្យ​ស្រាវជ្រាវ​អន្តរជាតិ​មកពី​មហាវិទ្យាល័យ Renmin និង​ជាទី​ប្រឹក្សា ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ស្តីពី​គោលនយោបាយ​ការបរទេស បាន​លើកឡើងថា ក្នុងពេល​មហាសន្និបាត​បក្សកុម្មុយនិស្ត​ចិន បញ្ចប់​នៅ​ដូ​វ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០២២ យុទ្ធសាស្ត្រ​បង្រួបបង្រួម​កោះ​តៃវ៉ាន់​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​។​

​លោក Jin Canrong បាន​បញ្ជាក់ថា​«​មេដឹកនាំ​ទីក្រុង​ប៉េកាំង អាច​នឹង​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ ក្នុងការ​បង្រួម​បង្រួម​កោះ​តៃវ៉ាន់​នៅក្នុង​ឆ្នាំ​២០២៧ ក្នុងឱកាស​នៃ​ខួប​១០០​ឆ្នាំ​ថ្ងៃ​បង្កើត​កម្លាំង​ទាហាន​រំដោះប្រជាជន​ចិន PLA »​។​

​ការប្រឈមមុខ​តានតឹង​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់​មិនទាន់​ចុះ​កម្តៅ​នៅឡើយ​ទេ ។ ចិនដីគោក​តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ចំណែក​មួយ​នៃ​ចិនដីគោក​មិនអាច​កាត់ផ្តាច់​បានឡើយ ហើយ​ចិន​បានស្នើ​ដល់​អាមេរិក​មិនត្រូវ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ហើយ​បញ្ឈប់​រាល់​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close