អគ្គនាយកដ្ឋាន​ពន្ធដា​រ ចាប់ផ្តើមត្រួតពិនិត្យ​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃទី​១ កុម្ភៈ តទៅ​!

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានប្រកាសថា ក្រុមការងារ​ចម្រុះ រាជធានី​ខេត្ត ដឹកនាំ​ដោយ​មន្ត្រី​ពន្ធដារ រួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២១ នៅតាម​គោលដៅ​មួយចំនួន លើ​កំណាត់​ផ្លូវ​សំខាន់ៗ នៃ​រាជធានី​ខេត្ត ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២២ តទៅ​។​

​តាម​សេចក្តីជូនដំណឹង ក្នុងករណី​ម្ចាស់​យានយន្ត​ខកខាន​មិនបាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២១ កន្លងទៅ សូមមេត្តា​រួសរាន់ អញ្ជើញ​ទៅ​ប្រកាស​បង់ពន្ធ និង​បង់ប្រាក់​ពិន័យ​តាមច្បាប់​ជា​ធរមាន នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា ឬ​នៅ​ធនាគារ​អេស៊ីលីដា ឬ​នៅ​ធនាគារ​វឌ្ឍនៈ ឬ​នៅ​ធនាគារ​កម្ពុជា​សាធារណៈ ឬ​នៅ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬ​នៅ​ធនាគារ ស្ថាបនា ឬ​នៅ​ធនាគារ ប្រៃសណីយ៍​កម្ពុជា ឬ​នៅ​ធនាគារ​វឌ្ឍនៈ អាស៊ី​ចំកាត់ ( ABA ) ឬ​អាច​បង់​តាមរយៈ​កម្មវិធី «GDT Taxpayer App» ដែល​អាច​ទាញយក​ចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់​យានយន្ត ដែល​ធ្លាប់បាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​កន្លងមក​។​

​សូម​រម្លឹកថា អគ្គនាយកដ្ឋាន​ពន្ធដា​រ បានកំណត់​រយៈពេល​ប​ង់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២១ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ប៉ុន្តែ​នៅពេល​ផុតកំណត់ ហើយ​ក្រុមការងារ​ចម្រុះ នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​ផ្លូវ ចាប់ពី​ថ្ងៃទី​១ ខែកុម្ភៈ​តទៅ​នេះ ក៏​អគ្គនាយកដ្ឋាន​ពន្ធដារ នៅតែ​អនុញ្ញាត​ឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់ ដែល​មិនទាន់​បង់ពន្ធ អាច​ទៅ​បង់ពន្ធ រួមទាំង​បង់ប្រាក់​ពិន័យ នៅតាម​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​នៅតាម​សាខា​ពន្ធដារ​ខេត្ត​ខណ្ឌ ឬ​នៅ​ធនាគារ​ជា​ដៃគូ ដូច​ផ្សាយ​ជូន​ខាងលើ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close