សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សមាគម ជប៉ុន​-​កម្ពុជា​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនា ​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Takahashi Fumaiki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។ ​ក្នុងជំនួប​នេះ ឯកឧត្តម Takahashi Fumaiki បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​បាន​វាយតំ​លៃ​ខ្ពស់ ចំពោះ​ចំណាត់ការ​របស់​សម្ដេច​តេ​ជោ និង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។

​ឯកឧត្តម​បាន​សំដែង​នូវ​ការអបអរសាទរ និង​គោរព​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ដើម្បី​នាំ​ប្រតិភូ​អ្នកវិនិយោគ​ធុន​កណ្ដាល មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង​ខែមេសា​ខាងមុខ​។ ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ក៏បាន​គោរព​ស្នើសុំ​សម្ដេច​តេ​ជោ ប្រគល់​ទីតាំង​ដី​មួយកន្លែង​ជូន​សម្ដេច​តេ​ជោ​ដើម្បី​រៀបចំ​ធ្វើជា​សួន​អនុស្សាវរីយ៍ កម្ពុជា​-​ជប៉ុន ហើយនឹង​ដាក់ឈ្មោះថា​សួន PKO សម្រាប់​សាធារណៈជន​ប្រើប្រាស់​ផង និង​សម្រាប់​ជា​តំណាង​ទំនាក់ទំនង កម្ពុជា​និង​ជប៉ុន​ផង ។ លើសពីនេះទៅទៀត​ឯកឧត្តម​ក៏បាន គោរព​ដ៏​ខ្ពង់ខ្ពស់​ស្នើសុំ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពិនិត្យ​លទ្ធភាព ការដោះស្រាយ​បញ្ហា​ទឹកជំនន់​ព្រែក​ត្នោត ដែល​ឯកឧត្តម​បានធ្វើការ​ដោះស្រាយ មួយចំនួន​រួចហើយ​។

​ការឆ្លើយតប សម្ដេច​តេ​ជោ សែន​បាន បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម Takahashi Fumaiki ហើយ​បាន​ជម្រាប​ជូនទៅ​ឯកឧត្តម អំពី​វិធានការ និង​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា ។ សម្តេច​តេ​ជោ​បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ អ្នកវិនិយោគ ធុន​កណ្ដាល ដែល​ឯកឧត្តម​មានបំណង​នាំមក​កម្ពុជា​។

​សម្ដេច​តេ​ជោ​ក៏បាន​ទទួល​ស្វាគមន៍ និង​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម ក្នុងការ​រៀបចំ​ឲ្យ​មាន​ជា​សួន​សាធារណៈ សម្រាប់​អនុស្សាវរីយ៍​រវាង កម្ពុជា និង​ជប៉ុន ដែល​បានដាក់​ឈ្មោះថា​សួន PKO ហើយ​សម្ដេច​តេ​ជោ​ក៏បាន​ណែនាំ​ទៅដល់​ឯកឧត្តម សុខ ចិន្តា​សោភា ដើម្បី​ធ្វើ​ការងារ​នេះ​បន្ត ជាមួយនឹង​សាលា​រាជធានី​ភ្នំពេញ​។

​ពាក់ព័ន្ធ​ទៅនឹង​ការការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានធ្វើ​ការណែនាំ​ជូន​ឯកឧត្តម សុខ ចិន្តា​សោភា ផងដែរ សូមឱ្យ​ឯកឧត្តម សហការ​សម្របសម្រួល​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក​និង​ឧតុនិយម គឺ ឯកឧត្តម លឹម គានហោ និង​ស្ថាប័ន​ពាក់ព័ន្ធ ដទៃទៀត ក្នុងការ​អនុញ្ញាតឱ្យ​ប្រតិភូ របស់ ឯកឧត្តម Takahashi Fumaiki ដើម្បី​ធ្វើ​បទ​បង្ហាញ ពាក់ព័ន្ធ​នឹង​ករណីនេះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close