មីយ៉ាន់ម៉ា បន្តដាក់រដ្ឋ ក្នុងគ្រាអាសន្ន រយៈពេល ៦ខែទៀត
រ៉ង់ហ្គូន៖ ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់មីយ៉ាន់ម៉ា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រកាសពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលប្រាំមួយខែបន្ថែមទៀត។
សេចក្តីប្រកាសបានបញ្ជាក់ថា ការពន្យារពេលនេះត្រូវបានធ្វើឡើងដើម្បីការរៀបចំចាំបាច់សម្រាប់ការបោះឆ្នោតសកលពហុបក្ស។ ភាពអាសន្នត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីរបបយោធាបានឃុំខ្លួនអតីតមេដឹកនាំរដ្ឋាភិបាល រួមទាំងទីប្រឹក្សារដ្ឋ និងប្រធានាធិបតី។
ទន្ទឹមនេះ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានធ្វើការចាប់ខ្លួនមនុស្សរាប់សិបនាក់ នៅក្នុងចំណាត់ការបង្ការទុកជាមុនមួយ ដើម្បីបំផ្លាញចោលផែនការធ្វើកូដកម្មទូទាំងប្រទេសមួយ នៅថ្ងៃអង្គារនេះ ចំខួបមួយឆ្នាំគត់នៃការដណ្តើមអំណាចរបស់យោធាពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី។
បើតាមសារព័ត៌មានមីម៉ាន់ម៉ា អាលីន ដេល្លី ការចាប់ខ្លួនត្រូវបានធ្វើឡើងនៅទីក្រុងយ៉ាងហ្គោន, ម៉ាន់ដាឡេ និង មីយ៉ាវ៉ាតឌី ហើយសមាភាពរួមមានអ្នកលក់ដូរ ម្ចាស់ភោជនីយដ្ឋាន វេជ្ជបណ្ឌិតម្នាក់ អ្នកផាត់មុខ (make-up) ម្នាក់ ជាងជួសជុលទូរស័ព្ទម្នាក់ និងគ្រូទាយម្នាក់។ ការចាប់ខ្លួនពួកគេកើតឡើងក្រោយពីមានការព្រមានផ្លូវការថា អ្នកចូលរួមក្នុងកូដកម្មអាចត្រូវចាប់ខ្លួន និងនាំឡើងតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។