UAE វាយស្ទាក់រ៉ុក្កែតបាញ់ចេញពីប្រទេសយេម៉ែន
នេះជាលើកទីបីហើយក្នុងរយៈពេល១ខែកន្លងមកដែលក្រុមឧទ្ទាមហូធី វាយប្រហារទៅលើប្រទេសអារ៉ាប់រួម ក្នុងនោះមានពីរលើកវាយប្រហារសម្លាប់មនុស្ស ៣នាក់។
ប្រទេសអារ៉ាប់រួម UAE នៅថ្ងៃទី ៣១ខែមករា បានប្រកាសថា ក្រុមឧទ្ទាមហូធី គាំទ្រដោយប្រទេសអ៊ីរ៉ង់ បានបាញ់រ៉ុក្កែត ទៅលើប្រទេសនេះក្នុងពេលដែលប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បំពេញទស្សនកិច្ចជាលើកដំបូង។
កាំជ្រួចមីស៊ីលដែលវាយប្រហារនោះ ត្រូវបានប្រព័ន្ធការពារមីស៊ីលរបស់ UAE វាយស្ទាក់បានដោយជោគជ័យនៅពាក់កណ្តាលយប់ ។ បំណែករ៉ុក្កែតបានធ្លាក់នៅក្នុងតំបន់ដែលមិនមានមនុស្សរស់នៅ ទើបមិនមានអ្នកស្លាប់និងរបួស។
ភ្លាមៗនោះ UAE បានវាយបកវិញតាមដែនអាកាសទៅលើទីតាំងដែលរ៉ុក្កែតបាញ់ចេញនៅក្នុងតំបន់ Al Jawf ក្នុងប្រទេសយ៉េមែន។ ការវាយប្រហារចំពេលប្រធានាធិបតី អ៊ីស្រាអែលបំពេញទស្សនកិច្ច ហើយជួបពិភាក្សា ជាមួយរាជទាយាទ Sheikh Mohammed bin Zayed Al Nahyan ។ អ្នកនាំពាក្យក្រុមហ៊ូធីបានបញ្ជាក់ថា ការវាយប្រហារគឺដើម្បីបំផ្លាញ់ដំណើរទស្សនកិច្ច របស់ប្រធានាធិបតី។
នេះជាការវាយប្រហារលើកទីបីហើយទៅលើប្រទេសអារ៉ាប់រួមក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។ កន្លងមកក្រុមហ៊ូធីក៏បានវាយប្រហារទៅលើទីតាំង ក្នុងទីក្រុង Abu Dhabi និង Dubai បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។