អាជ្ញាធរស្រុកសំពៅលូន បញ្ជូនពលករខ្មែរ ៤៥នាក់បន្ថែមទៀត ទៅកាន់មណ្ឌលចត្តាឡីស័ក
ខេត្តបាត់ដំបង៖ អាជ្ញាធរនៅតាមខ្សែបន្ទាត់ព្រំដែន នៃស្រុកសំពៅលូន ខេត្តបាត់ដំបង បានសម្រេចធ្វើការបញ្ជូនពលករខ្មែរចំនួន៤៥នាក់ ក្នុងចំណោមពលករចំនួន៨០នាក់ ដែលខាងភាគីថៃបញ្ជូនមកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ ទៅកាន់មណ្ឌលចត្តាឡីស័ក ក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ការបញ្ជូនពលករទាំង៤៥នាក់ទៅធ្វើចត្តាឡីស័កនាពេលនេះធ្វើឡើង បន្ទាប់ពីខាងភាគីថៃ បានបញ្ជូនពលករខ្មែរចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបន្ទាប់ពីមន្ត្រីជំនាញបានរកឃើញពួកគាត់មានកាតចាក់វ៉ាក់សាំងកូវីដ១៩ហើយ តែស្កែនមិនចេញទិន្នន័យ ។
នេះបើតាមការផ្តល់ព័ត៌មានពីនាយការិយាល័យផ្សព្វផ្សារអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរៈសេនីយ៍ឯក សួន ស៊ីរ៉ា នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ ដោយលោកបានបញ្ជាក់ទៀតថា ចំពោះពលករចំនួន៣៥នាក់ ដែលមានកាតចាក់វ៉ាក់សាំងបានត្រឹមត្រូវ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យវិលប្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញបន្ទាប់ពីបានយកសំណាកធ្វើតេស្តរហ័សដោយឧបករណ៍តេស្ត Rapitest មានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ។
ជាមួយមន្ត្រីជំនាញសុខាភិបាលរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បន្តធ្វើការអំពាវនាវដល់ពលករទាំងអស់ សូមចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ
ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី អូរមីក្រុង ខណៈពេលដែលពលករខ្មែរកំពុងតែមានចរន្តហូរចូលតាមច្រកព្រំដែនក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង ដែលត្រូវបានភាគីនៃប្រទេសថៃ បញ្ជូនមកជាបន្តបន្ទាប់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។