ឯកឧត្តម ស៊ុន ចាន់ថុល ណែនាំ​ឱ្យ​រៀបចំ​ផែនទី​បង្ហាញផ្លូវ និង​គាំទ្រ​ការប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីស្តីការ ក្រសួង ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)​ប្រចាំ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី​នាយិកា Alissar Chaker ដោយមាន​ការចូលរួម​ពី​ថ្នាក់ ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។

​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ផងដែរ​អំពី​ការរៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ដឹកជញ្ជូន ផ្លូវគោក​ដែលមាន​ការគិតគូ​អំពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ដល់​ការប្រើប្រាស់​រថយន្ត​ដើរ ដោយ​ថាមពល​អគ្គិសនី ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ការបញ្ចេញ​ឧស្ម័ន​កាបូន​ទៅក្នុង​បរិ​យា កាស គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​សហ ប្រជាជាតិ​(UNDP)​ដើម្បី​ដំឡើង​ស្ថានីយ​សាក​ថ្ម​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី (EVs) គម្រោង សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ​និង​ពន្ធដារ​ដើម្បី​រៀបចំ​ជា​ផែនការ​សម្រាប់​ការ​នាំចូល​រថយន្ត​ចាស់ៗ ដែលមាន​អាយុ​១០​ឆ្នាំ និង​គម្រោង​ជួបពិភាក្សា​ជាមួយនឹង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាក់ទង​នឹង​ការដំឡើង​ស្ថានីយ៍​សាក​ថ្ម​រថយន្ត EVs ដែល​ក្នុងនោះ​រួមមាន​៖ ស្ថានីយ​សាំង​តូ​តា​ល់ កាល់​តិច សូ​គី​មិច និង​តេ​លា​ជាដើម​។

​ជាមួយគ្នា​នោះ​ផងដែរ គណៈប្រតិភូ បានលើកឡើង​អំពី​និន្នាការ​ពិភពលោក​ឆ្ពោះទៅរក​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បម្រែបម្រួល អាកាសធាតុ គម្រោង​កំពុង​អនុវត្ត​ទាក់ទង​នឹង​ការដឹកជញ្ជូន​ប្រកបដោយ​ចីរភាព​ដែលជា​ផ្នែក​មួយ​នៃ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុងការ​ធានាបាន​នូវ​ការរស់នៅ​ប្រកបដោយ​បរិស្ថាន​ល្អ និង បានស្នើ​យោបល់​ឱ្យ​ក្រសួង​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ក៏ដូចជា​វិស័យ​ឯកជន​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​ជំរុញឱ្យមាន​ការចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​លើ​បញ្ហា​នេះ​ផងដែរ​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រៀបចំ​ផែនទី​បង្ហាញផ្លូវ​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ការប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​ពិភាក្សា​ជាមួយ​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ​ដូចជា​៖ Food Panda និង NHAM24 ដើម្បី​ពិនិត្យ​លទ្ធភាព​លើ​ការប្រើប្រាស់​ម៉ូតូ​ដើរ​ដោយ ថាមពល​អគ្គិសនី ជំនួស​ម៉ូតូ​ដែល​ប្រើ​សាំង​ក្នុងការ​បម្រើសេវា​របស់​ខ្លួន សំដៅ​ឆ្លើយតប​ទៅនឹង​គម្រោង ផែនការ និង​គោលនយោបាយ​ដឹកជញ្ជូន​ផ្លូវគោក​ប្រកបដោយ​ចីរភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close