ព្រះមហាក្សត្រកម្ពុជា បានយាងចាកចេញពីកម្ពុជា ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈនេះ យាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរដូវរងារ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។
សូមបញ្ជាក់ថា មហាយក្សចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវក្តៅ និងរដូវរងារឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការរៀបចំកម្មវិធីដ៏មហាមានន័យ ជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ ក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងវិបត្តិនៃការរីករាតត្បាតជាសកលជំងឺ Covid-19។ ប្រទេសចិន កំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយទៀត ក្នុងការធានាទាំងសុវត្ថិភាពសន្តិសុខ ទាំងសុវត្ថិភាពសុខាភិបាលសាធារណៈ សម្រាប់គណៈប្រតិភូកីឡា និងសម្រាប់វេទិកាកីឡាអន្តរជាតិនេះ។
ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលរៀបចំឡើងក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩ នឹងក្លាយជាការប្រកួតដ៏ឱឡារិក និងជារឿងមង្គលជាសកលដ៏កម្រមាន ប្រជាជនទូទាំងពិភពលោករំពឹងទុកយ៉ាងស្មោះស្ម័គ្រចំពោះការបើកធ្វើនៃការប្រកួតកីឡាអូឡាំពិកលើកនេះ។ បណ្តាទីក្រុងនៅប្រទេសចិន បាននាំគ្នាដាក់ចេញចំណាត់ការតឹងរ៉ឹង ដើម្បីគ្រប់គ្រងការឆ្លងរាលដាលថ្មីៗនៃ COVID-19 ខណៈដែលទីក្រុងប៉េកាំងកំពុងត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិករដូវរងា នៅដើមខែកុម្ភៈនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។