ក្រសួង​អប់រំ ប្រកាស​បញ្ចប់​ទទួល​ពាក្យ​តវ៉ា​របស់​បេក្ខជន នៃ​លទ្ធផល​ប្រឡង​បាក់​ឌុប​

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២២ បានចេញ​ប្រកាស​ស្តីពី​សុក្រឹតភាព និង​ភាព​ទទួលយកបាន នៃ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២៧ ធ្នូ ២០២១​។​

​ក្នុង​សេចក្តីប្រកាស ក្រសួង​អប់រំ បញ្ជាក់ជូន​ដល់​បេក្ខជន អ្នកអាណាព្យាបាល និង​សាធារណជន​ទាំងអស់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២៧ ធ្នូ ២០២១ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ស្របតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​, ស្របតាម​លក្ខណៈ​បច្ចេកទេស ប្រឡង និង​ស្របតាម​ទស្សនាទាន «​អ្នកចេះ គឺជា​ប់​» ព្រមទាំង​ក្រោម​ការយកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ពី​សំណាក់​ក្រសួងមហាផ្ទៃ​, អង្គភាព​ប្រឆាំង​អំពើពុករលួយ​, ក្រសួងសុខាភិបាល​, អាជ្ញាធរ​ដែនដី​, កងកម្លាំង​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, អគ្គិសនី​កម្ពុជា​, ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​, និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដទៃទៀត ជាពិសេស ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ផ្ទាល់​របស់​បេក្ខជន ព្រមទាំង​ការអនុវត្ត​ភារកិច្ច​ប្រកបដោយ​ភាព​ម៉ត់ចត់​, វិជ្ជាជីវៈ​, មនសិការ​ការងារ​, និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​គណៈមេប្រយោគ និង​គណៈកម្មការ​នានា​គ្រប់​ថ្នាក់​។​

​ឆ្លើយតប​ចំពោះ​សំណូមពរ និង​ការតវ៉ា​របស់​បេក្ខជន​ចំពោះ​លទ្ធផល​នៃ​ការប្រឡង ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បង្កើត «​គណៈកម្មការ​កោសល​វិច័យ​» ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ករ​ណ៍​ខាងលើ​ធ្វើយ៉ាងណា​ឲ្យ​បេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និង​សាធារណជន​ជឿទុកចិត្ត​ចំពោះ​លទ្ធផល​ប្រឡង​។​

​បើតាម​ក្រសួង​អប់រំ ក្រោយពី​បានបញ្ចប់​ការធ្វើ​កោសល​វិច័យ គណៈកម្មការ​កោសល​វិច័យ​បាន​រកឃើញថា លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២៧ ធ្នូ ២០២១ មិនមាន​ការប្រែប្រួល​ទេ​។ ឈរលើ​មូលដ្ឋាន​នេះ ក្រសួង​សូម​ប្រកាស​បញ្ចប់​ការទទួល​ពាក្យ​តវ៉ា​របស់​បេក្ខជន និង​បញ្ចប់​ដំណើរការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​នេះ​តទៅ​។​

​ក្រសួង​បាន​បន្តថា ចំពោះ​សិស្ស​ប្រឡង​ធ្លាក់ ក្រសួង​សូម​លើកទឹកចិត្ត​ឱ្យខិត​ខំរៀន​សូត្រ​បន្ត ដោយមាន​ការជួយ​គាំទ្រ​ពី​សំណាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង​នៅ​ឆ្នាំ​ខាងមុខ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close