ពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងសុីសងនៅកាសុីណូច្រកទ្វេភាគីតន់ហន់ យ៉ាងអនាធិបតេយ្យ
(កំពត)៖ ទីតាំងបនល្បែងសុីសងកាសុីណូមួយកន្លែងដែលមានយីហោ សុខ គីមម៉េង ស្ថិតនៅច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម តន់ហន់ ក្នុងភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ត្រូវគេរាយការណ៍ថា បានបើកឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេង យ៉ាងអណាធិបតេយ្យ។
ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងកាស៊ីណូ ដែលផ្ទុយទៅនឹងច្បាប់នេះ ត្រូវគេដាក់ការសង្ស័យថា អាចមានការរួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធ ទើបកាស៊ីណូមួយនេះអាចបើកដំណើការ ឲ្យពលរដ្ឋខ្មែរចូលលេងៗយ៉ាងគ្រឹកគ្រេង និងរលូន គ្មានការទប់ស្កាត់ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្នុងខេត្តកំពតនោះឡើយ។
មិនតែងតែប៉ុណ្ណោះ គេក៏ឃើញបុរសម្នាក់ដែលមានឈ្មោះថា កែម ចន ជាអ្នកសារព័ត៌មានទូរទស្សន៍អនឡាញ TNM នៅប្រចាំការក្បែរៗនឹងទីតាំងកាស៊ីណូនោះដែរ ដោយរង់ចាំជួបសម្រប សម្រួល ជាមួយបងប្អូនអ្នកសារព័ត៌មាន ដើម្បីកុំឲ្យមានការចុះផ្សព្វផ្សាយ។
ចំពោះករណីនេះ យើងមិនអាចស្វែងរកការបំភ្លឺពីភាគីពាក់ព័ន្ធបាននៅឡើយទេនៅថ្ងៃនេះ។
យ៉ាងណាក៏ដោយ ជុំវិញករណីនេះ មហាជនសូមសំណូមពរដល់ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាចាត់មន្ត្រីជំនាញឲ្យចុះពិនិត្យ ទីតាំងកាស៊ីណូ ខាងលើនេះផង ពីព្រោះតែកាស៊ីណូមួយនេះ កំពុងធ្វើសកម្មភាព ផ្ទុយនឹងច្បាប់ នៃ ព្រះរាជាណាចក្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។