សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុង​ខេត្តក្រចេះ​

​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៧ ពី​ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ ក្រុង​ក្រចេះ ទៅ​ភូមិ​រមាត ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ប្រវែង​ប្រមាណ ៩៣.៥៦​គីឡូម៉ែត្រ ដែល​សាងសង់​ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង ៣៣​លាន​ដុល្លារ​អាមេរិក​។​

​កំណាត់​ផ្លូវជាតិ​លេខ​៧​នេះ ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) កាលពី​អំឡុង​ឆ្នាំ​២០០៤ ដល់ ២០០៧ ហើយ​កំណាត់​ផ្លូវ​នេះ​ត្រូវបាន​សាងសង់​លើក​កម្រិត​គុណភាព​ឡើងវិញ ដោយ​ក្រាល​បេតុង​កៅស៊ូ​(AC) ដោយ​ផ្អែកលើ​ការសិក្សា​ជាថ្មី ទាក់ទង​នឹង​ការកើនឡើង​នៃ​ចំនួន​ចរាចរណ៍ រួមផ្សំ​ជាមួយនឹង​កំណើន​សេដ្ឋកិច្ចជាតិ សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ជាដើម​។​

​កំណាត់​ផ្លូវជាតិ​លេខ​៧ គឺជា​ខ្សែ​ផ្លូវ​ដ៏​មាន​សក្ដានុពល​មួយ ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ឆ្លងកាត់​ខេត្ត​សំខាន់ៗ ដូចជា​៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​ឆ្ពោះទៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា ស្ថិតនៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស ដែល​បម្រើឱ្យ​ចរាចរណ៍​សម្រាប់​សកម្ម​ភាព​ផ្លាស់ប្តូរ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅក្នុង​ប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close