រុស្ស៊ី អាច​នឹង​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន នៅពេល​ណាមួយ ខណៈ​ការទូត​នៅតែ​ជា​ជម្រើស​

​វ៉ាស៊ីនតោន​៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន​លោក ជេ​ក ស៊ុ​ល​លី​វ៉ាន បាន​ព្រមាន​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អាច​នឹង​ចេញ​បញ្ជា​អោយ​បើក​ការវាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​ក្នុង​ប៉ុន្មាន​ថ្ងៃ ឬ​សប្តាហ៍​ខាងមុខនេះ ខណៈដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ប្រទេស​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់ខ្លួន​បាននិងកំពុង​បន្ត​អំពាវនាវ​អោយ​លោក ពូ​ទីន ជ្រើស​រើសយក​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ​។​

​លោក ស៊ុ​ល​លី​វ៉ាន បាន​ថ្លែងប្រាប់​ក្នុង​កម្មវិធី “Fox News Sunday” ថា នៅ​ថ្ងៃ​ណាមួយ រុស្ស៊ី​អាច​ចាត់វិធានការ​យោធា​ប្រឆាំងនឹង​អ៊ុយ​ក្រែ​ន ឬ​វា​អាចមាន​រយៈពេល​ពីរ​បី​សប្តាហ៍​ទៀត​ចាប់ពីពេលនេះ​តទៅ ឬ​រុស្ស៊ី​អាច​ជ្រើសរើស​ផ្លូវ​ការទូត​ជំនួស​វិញ​។ លោក ស៊ុ​ល​លី​វ៉ាន បានធ្វើការ​អត្ថាធិប្បាយ​បែបនេះ​នៅក្នុង​បទសម្ភាសន៍​មួយ​តាម​កញ្ចក់​ទូរទស្សន៍ បន្ទាប់ពី​មន្ត្រី​ចារកម្ម​អាមេរិក​បាន​និយាយថា រុស្ស៊ី​ដែល​បាន​ដណ្តើមយក​តំបន់ គ្រី​មៀ ពី​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ​២០១៤​នោះ​អាច​នឹង​វាយលុក​អ៊ុយ​ក្រែ​ន​ក្នុង​រយៈពេល​ត្រឹមតែ ០២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​មាន​ជន​ស៊ីវិល​រហូតដល់​ទៅ ៥​ម៉ឺន​នាក់​អាច​នឹង​បាត់​បង់ជីវិត​។​

​បន្ថែម​លើ​នេះ មន្ត្រី​យោធា និង​ចារកម្ម​អាមេរិក​ជឿថា រុស្ស៊ី​គ្រោង​នឹងធ្វើ​សមយុទ្ធ​អាវុធ​នុយក្លេអ៊ែរ​ដ៏​ធំ​មួយ​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ជាការ​ព្រមាន​ដល់​អង្គការ​ណា​តូ កុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​ក្នុង​ព្រឹត្តិការណ៍​ដែល​លោក ពូ​ទីន វាយ​អ៊ុយ​ក្រែ​ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close