អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជួលព្រះពុទ្ធបដិមាចំនួន ៣អង្គ នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលព្រះពុទ្ធបដិមា ចំនួន៣អង្គបន្ថែមទៀតនៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។
លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការជួសជុលព្រះពុទ្ធបដិមាគឺនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ គ្រោងនឹងប្រើប្រាស់ពេលវេលាជួសជុលចំនួន៥ខែ។
លោកបានបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យព្រះពុទ្ធបដិមានៅរួតបាកាណរងការខូចខាតទ្រុឌទ្រោម ដោយសារកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ មានទឹកនោម និងលាមកសត្វប្រចៀវច្រើន ដូច្នេះក្រុមការងារធ្វើការរើសំណាញ់ចាស់ចោល ដើម្បីជំនួសនូវសំណាញ់ថ្មី ដែលសង្ឃឹមថា ប្រចៀវនឹងមិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ។
គម្រោងជួសជុលព្រះពុទ្ធបដិមាខាងលើ មានការសហការគាំទ្រគំនិតផ្តួចផ្តើម និងឧបត្ថម្ភថវិកាពីលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍។
សូមបញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ អ្នកជំនាញអភិរក្សចម្លាក់ នៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលរួចរាល់ជាស្ថាពរនូវព្រះពុទ្ធបដិមាមួយអង្គនៅទិសខាងត្បូងនៃរួតបាកាណដែលមានការខូចខាតទ្រុឌទ្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។