ឥណ្ឌូណេស៊ី ហាមមិនឃាត់ទេសចរបរទេស ចូលតាមព្រលានយន្តហោះហ្សាការតា ខណៈកូវីដ១៩ កំពុងកើនឡើងខ្លាំង
ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី បានប្រកាសថា ឥណ្ឌូណេស៊ី បានសម្រេចហាមមិនឱ្យភ្ញៀវទេសចរបរទេស ធ្វើដំណើរចូលទៅកាន់ប្រទេសនេះ តាមអាកាសយានដ្ឋាននៃទីក្រុងហ្សាការតាជាបណ្តោះអាសន្ន ដើម្បីព្យាយាមបន្ធូរបន្ថយអត្រាឆ្លងរាលដាល នៃជំងឺ COVID-19 ដែលជំរុញដោយវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញកាលពីយប់ ថ្ងៃអាទិត្យ កន្លងទៅថា គោលការណ៍ថ្មីខាងលើ ត្រូវអនុវត្តចំពោះរាល់ទេសចរបរទេសទាំងអស់ ហើយនិងប្រជាជនឥណ្ឌូណេស៉ីទាំងឡាយណា ដែលបានទៅធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស។ ជាមួយគ្នានេះ បម្រាមគោចរដែលមានរយៈពេលចាប់ពីពាក់កណ្តាលយប់ ដល់ម៉ោង៤ទាបភ្លឺ ក៏ត្រូវអនុវត្តនៅតំបន់ទីប្រជុំនៃទីក្រុងហ្សាការតាផងដែរ។
គួរបញ្ជាក់ថា ប្រទេសអាស៊ានមួយនេះ បាននិងកំពុងមើលឃើញ ការលោតឡើងខ្លាំងជាថ្មីនៃករណីឆ្លង COVID-19 ដោយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ករណីឆ្លងជាង៣៦,០០០នាក់ថែមទៀត ទើបត្រូវបានកត់ត្រា ហើយអត្រានៃការប្រើប្រាស់គ្រែអ្នកជំងឺ នៅតាមមន្ទីរពេទ្យក្នុងទីក្រុងហ្សាការតា ក៏បានកើនដល់៦៣ភាគរយថែមទៀតផង។ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី បានព្រមានថា សន្ទុះនៃការឆ្លងរាលដាលបច្ចុប្បន្ន ដែលជំរុញដោយ Omicron ប្រហែលជាទាន់ឈានដល់ចំណុចកំពូលឆាប់ៗឡើយ គឺអាចរហូតទាល់តែដល់ចុងខែកុម្ភៈនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។