សម្តេច ហ៊ុន សែន សុំ​អាធ្យាស្រ័យ​ចំពោះការ​ភ័ន្ត​ច្រឡំពី​ការ​ដោះ​លែងជនជាតិអូស្រ្តាលីនៅភូមា

នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ដោយសុំអធ្យាស្រ័យ​ចំពោះការ​លើក​ឡើង​ដោយ​ភ័ន្ត​ច្រឡំ​ថា ជនជាតិអូស្រ្តាលី​ដែល​សម្តេច​បាន​ស្នើរ​ទៅ​មេដឹកនាំ​មេយ៉ាន់​ម៉ា ត្រូវ​បាន​ដោះលែងនោះ។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ជាក់ស្តែង​ជនជាតិអូស្រ្តាលីរូបនោះ​នៅ​មិន​ទាន់​បាន​ដោះ​លែង​នៅ​ឡើយ​ទេ។

“ព្រឹកមុិញខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើរសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។ តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះ មិនទាន់ទទួលបានការដោះលែងនៅឡើយទេ។ ការភន្ត័ច្រឡំនេះបណ្តាលមកពីខ្ញុំទទួល បានព័ត៌មានខុសដែលខ្ញុំសូមអាធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ” – សម្តេច ហ៊ុន សែន

សូម​បញ្ជាក់ថា នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៧ ពីខេត្ត​ក្រចេះទៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២២ សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានលើក​ឡើងថា របបសឹកភូមាយល់ព្រមដោះលែងសាស្ត្រាចារ្យម្នាក់​សញ្ជាតិ​អូស្ត្រាលី​ដែលជា​មនុស្ស​របស់​លោកស្រី អង់សាន ស៊ូជី ក្រោយ​ពីសម្តេច​បាន​ស្នើទៅលោក មិនអ៊ុង ឡាំង នៅក្នុងដំណើរទស្សនកិច្ច​នៅភូមាកាលពីដើមខែមករា។

អ្នក​នាំពាក្យ​ក្រសួងការបរទេសកម្ពុជា ក៏​បានធ្វើការ​បំភ្លឺដែរថា ទោះបីជា​ហេតុការណ៍​នេះ កើត​ឡើង​ដោយ​អចេតនា​ក្តី អ្នកនាំពាក្យ​សូមរំលឹកថា នៅ​ក្នុង​កិច្ច​ពិភ្សា​ជាមួយ​នាយ​ឧត្តមស​នីយ៍ជាន់ខ្ពស់ មីន អោង ឡាំង សម្តេច​តេជោ​នាយករដ្ឋមន្រ្តី បានលើក​ពីករណីលោកសាស្រ្តាចរ្យ សន ធើនណល ហើយ​ទទួល​បានការ​ធានាពីនាយឧត្តមសនីយ៍ជាន់ខ្ពស់ថា គាត់នឹងពិចារណា​ករណីនេះ​ឡើងវិញ​បន្ទាប់ពី​ដំណើរការ​តុលាការ​ត្រូវបានបញ្ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close