កម្ពុជា សម្រេច​ជោគជ័យ​លើ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទីក្រុង​អា​ជី AICHI សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​សកល​

​កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​អភិរក្ស​ទំហំ ៧,៣ លាន​ហិកតា ឬ​ស្មើ​ប្រមាណ ៤១​ភាគរយ​នៃ​ប្រទេស​កម្ពុជា​។ នេះ​គឺជា​មោទកភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ផ្ទៃដី​អភិរក្ស​ធំ ហើយ​កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុង​ទ្វីបអាស៊ី​ដែល​បានសម្រេច​ជោគជ័យ​លើ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទីក្រុង​អា​ជី AICHI សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​សកល ។​នេះ​បើតាម​ការបញ្ជាក់​ពី​សំណាក់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។​

​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា កត្តា​សម្រេចបាន​ជោគជ័យ​នេះដែរ​ដោយសារ​កម្ពុ​ជាមាន​ផ្ទៃដី​អភិរក្ស​ធំ​ជាង ៣ ដង​នៃ​ការកំណត់​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការអភិរក្ស​ជីវៈចម្រុះ​សកល ដែល​បាន​កំណត់ថា​ត្រឹម​ឆ្នាំ​២០២០ ប្រទេស​នីមួយៗ​ត្រូវ​កំណត់​តំបន់​អភិរក្ស​ដីគោក​របស់ខ្លួន​ឱ្យបាន ១៧​ភាគរយ នៃ​ផ្ទៃដី​។ នៅ​ឆ្នាំ ២០២២ នេះ ផ្ទៃដី​អភិរក្ស​មាន​ទំហំ ៧,៣ លាន​ហិកតា​នៃ​ផ្ទៃដី​គម្រប​ព្រៃឈើ​សរុប​ដែល​កម្ពុ​ជាមាន ៨,៥​លន​ហិកតា ស្មើនឹង ៤៦,៨៦​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា ដោយសារ​កត្តា​សុខសន្តិភាព និង​ការការពារ​និង​អភិរក្ស​មាន​ភាពប្រសើរ​ឡើង​ចំពោះ​តំបន់ការពារធម្មជាតិ កម្ពុជា​បាន​លក់​ឥណទាន​កាបូន ទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ចាប់ពី​ឆ្នាំ​២០១៦​មកដល់​ឆ្នាំ​២០២០ បាន​ទឹកប្រាក់​ចំនួន ១១,៦​លាន​ដុល្លារ​អាម៉េរិក​។ រាជរដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ​បាន និង​កំពុង​ស្វះ​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត​ដើម្បី​លក់​ឥណទាន​កាបូន​ដែល​កម្ពុ​ជាមាន យក​ថវិកា​មក​បង្កើន​និង​ពង្រឹង​ការងារ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែលមាន​។ នេះ​គឺជា​មោទកភាព មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជោគជ័យ​ក្នុង​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​នៅលើ​ពិភពលោក​។

ថវិកា​ដែល​បាន​ពី​ការលក់​ឥណទាន​កាបូន​នេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការអភិរក្ស​ធនធានធម្មជាតិ និង​ចូលរួម​អភិវឌ្ឍ​សហគមន៍​នៅ​មូលដ្ឋាន​ក្នុងនោះ​រួមមាន​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​បាន​ចូលរួម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ផ្តល់​ជម្រើស​ថ្មី និង​កែប្រែ​ជីវភាព​សម្រាប់​ពួកគាត់ បង្កើត​មុខរបរ​ថ្មី​បម្រើឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការបណ្តុះបណ្តាល​សហគម​ន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផងដែរ​។

​សូមបញ្ជាក់ថា ការលក់​ឥណទាន​កាបូន​ចំនួន ២ គម្រោង​បានធ្វើ​ឡើង​នៅ ទី​១​នៅ​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្តមណ្ឌលគិរី និង​ទី​២ គម្រោង​រ៉េដ​បូក​ក្រវ៉ា​ញ​ខាងត្បូង​( ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តា​តៃ​) ហើយ​បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន​និង​ដៃគូ​បាននិងកំពុង​បន្ត​រៀបចំ​នីតិវិធី​លក់​ឥណទាន​កាបូន​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​ថែមទៀត​។ ​ក្រុមហ៊ុន​ធំៗ​ដែល​សម្រេច​ទិញ​ឥណទាន​កាបូន​ដោយ​ឈរលើ​មូលដ្ឋាន​ការវាយតម្លៃ​ពី​ទីភ្នាក់ងារ​ឯករាជ្យ ដែល​បញ្ជាក់ថា​កម្ពុ​ជាមាន​សមត្ថភាព​ការពារ​ធនធានធម្មជាតិ​នៅក្នុង​តំបន់​ដែល​លក់​ឥណទាន​កាបូន​នោះបាន​ល្អប្រសើរ​ស្របតាម​លក្ខខណ្ឌ​កំណត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close