ក្រសួងទេសចរណ៍ ប្រកាស​ជ្រើសរើស​សិក្ខាកាម​ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ នៅ​ខេត្តសៀមរាប​!

​ភ្នំពេញ​៖ គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា នៃ​ក្រសួងទេសចរណ៍ មាន​កិត្តិយស សូម​ជូនដំណឹង​ដល់​លោក លោកស្រី នាង​កញ្ញា ដែលជា​គ្រូបង្រៀន​ផ្នែក​វិជ្ជាជីវៈ​ទេសចរណ៍ អ្នកគ្រប់គ្រង និង​បុគ្គលិក​កំពុង​បម្រើ​ការងារ​ក្នុង​សេវាកម្ម​ភោជនីយដ្ឋាន (Food and Beverage Services) ក្នុង​ខេត្តសៀមរាប ឲ្យ​បាន​ជ្រាបថា​៖ ដើម្បី​ចូលរួម​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ដល់​អ្នកជំនាញ​ទេសចរណ៍​ក្នុង​សេវាកម្ម​ភោជនីយដ្ឋាន ឲ្យ​មាន​គុណភាព​ខ្ពស់​បន្ថែមទៀត​ព្រមទាំង​ទ្រទ្រង់​ដល់​ការបណ្តុះបណ្តាល​ខាងក្នុង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក្នុង​បរិបទ​នៃ​ការស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ គណៈកម្មការ​គ្រប់គ្រង​គម្រោង ហូ​កា នៃ​ក្រសួងទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) សូម​ប្រកាស​ជ្រើសរើស​បេក្ខជន បេ​ក្ខ​នារី​ទាំង​ពីរភេទ​ចំនួន ៣០​រូប ចូលរួម​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ហូ​កា លើ​ជំនាញ​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ (Food and Beverage Services) ចាប់ពី​ថ្ងៃទី​២១-២៦ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ភោជនីយដ្ឋាន The Spoon​ខេត្តសៀមរាប​។​

​វគ្គ​បណ្តុះបណ្តាល​ខាងលើ នឹង​ផ្តល់នូវ​ចំណេះដឹង និង​ជំនាញ​អំពី​វិធីសាស្ត្រ​បង្រៀន (Teaching Methodologies) បន្ថែម​ដល់​អ្នកជំនាញ​ទេសចរណ៍​ផ្នែក​សេវាកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ​រួមមាន​៖ (១) ការបណ្តុះបណ្តាល​ផ្អែកលើ​សមត្ថភាព (Competency Based Training) (២) វិធីសាស្ត្រ​បង្រៀន HHIT ដូចជា​៖ វី​ធី​សាស្ត្រ​ប្រើ​វីដេអូ កាត់​រូបភាព បទ​បង្ហាញ ការសម្តែង​តួ ពិភាក្សា​ក្រុម គំនូរ​ផ្ទាំង​រូបភាព និង​ការអនុវត្ត​ផ្ទាល់ និង​(៣) ការរៀបចំ​ផែនការ និង​សម្ភារៈ​ឧបទ្ទេស​បង្រៀន ដែល​សិក្ខាកាម​នឹង​ត្រូវបាន​វាយតម្លៃ​សមត្ថភាព​ក្រោយ​ការបណ្តុះបណ្តាល ដើម្បី​ក្លាយជា​គ្រូ​បង្គោល ហូ​កា ប្រចាំខេត្ត​សៀមរាប និង​មានលទ្ធភាព​ផ្តល់​ការបណ្តុះបណ្តាល​ខាងក្នុង (In-House Training) ដល់​បុគ្គលិក​ក្នុង​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close