ខេត្តបន្ទាយមានជ័យ នាំចេញ​ដំឡូង​មី​ទៅ​ក្រៅប្រទេស បាន​ជាង ៣១​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២១

​ក្នុង​ឆ្នាំ​២០២១ កន្លងទៅនេះ ខេត្តបន្ទាយមានជ័យ បាន​នាំចេញ​កសិផល​ផ្សេងៗ​តាមរយៈ​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​សម្រាប់​នាំចេញ​មាន​ចំនួន​ជាង ១,៥០០ ច្បាប់​(១.៥០៦​ច្បាប់​)​ស្មើនឹង​ជាង ៣៧ ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​ជាង ៣៥ លាន​ដុល្លារ​អាមេរិក ។ ក្នុងនោះ​ដំឡូង​មី​មាន​ចំនួន​ច្រើនជាងគេ មាន​រហូត​ជាង ៣៦ ម៉ឺន តោន​គិត​ជា​ទឹកប្រាក់​ជាង ៣១ លាន​ដុល្លារ​អាមេរិក​។​

​នេះ​បើតាម​ការលើកឡើង​ពី​ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព​មូលដ្ឋាន ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ បាល​ខេត្តបន្ទាយមានជ័យ នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ឯកឧត្តម បាន​បញ្ជាក់ថា ក្នុងចំណោម​ទឹកប្រាក់​ជាង ៣៥​លាន​ដុល្លារ ដែល​បាន​នាំចេញ​នោះ ក្នុងនោះ​ដំឡូង​មី​មាន​ចំនួន​ច្រើនជាងគេ ដោយមាន​ជាង ៣៦៣,៥០០​តោន គិត​ជា​ទឹកប្រាក់​ជាង ៣១,០៧៥,៨៥០ ដុល្លារ​អាមេរិក​។ ក្រៅពីនោះ​មាន​ស្វាយចន្ទី​មាន​ចំនួន ៥.៥០៨ តោន​គិត​ជា​ទឹកប្រាក់​ស្មើ ៤,៥០៦, ៨០០ ដុល្លារ​អាមេរិក​, ម្ទេស​មាន​ចំនួន ១.៧៤០ តោន គិត​ជា​ទឹកប្រាក់​ចំនួន ១៧៤.០០០ ដុល្លារ​អាមេរិក​) និង​ផលិតផល​កសិកម្ម​មួយចំនួនទៀត​ដែល​កសិករ​ផលិត​បាន​។​

​សូម​ជម្រាបជូន​ថា មុខរបរ​សំខាន់​របស់​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ ៨៥% ជា​កសិករ ១០% ជា​អាជីវករ ពាណិជ្ជករ និង​៥% ប្រកបរ​មុខរបរ​ផ្សេងៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close