«សៀវភៅផែនការយុទ្ធសាស្ត្រ» ជាសមិទ្ធផលថ្មីមួយទៀត ឆ្លុះបញ្ចាំងពីការបន្ដយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍
កោះកុង៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៤ ឆ្នាំ២០២០-២០២៤» ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពីលោកជំទាវ គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។
នាឱកាសនោះដែរ លោកជំទាវ ហ៊ុន ដានី បានលើកឡើងថា «សៀវភៅផែនការយុទ្ធសាស្ត្រ» គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវការបន្ដយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ក្នុងដំណើរឆ្ពោះទៅមុខ ជាមួយនឹងវឌ្ឍនភាពដែលមានការគិតគូរអំពីស្ត្រីតាមរយៈការដាក់ចេញនូវ “ផែនការយុទ្ធសាស្ត្រលើកកម្ពស់យេនឌ័រក្នុងវិស័យទេសចរណ៍ ដំណាក់កាលទី៤ ឆ្នាំ២០២០-២០២៤” ដែលត្រូវបានរៀបចំឡើងដើម្បីជាផែនទីតម្រង់ទិសឆ្ពោះទៅគោលដៅ«សមភាពយេនឌ័រ» និងអភិវឌ្ឍធនធានស្ត្រី ក្នុងវិស័យទេសចរណ៍។
លោកជំទាវ បានបន្ថែមថា កត្តាជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ អាស្រ័យទៅលើការប្តេជ្ញាចិត្តរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសអ្នកដែលមានសិទ្ធិធ្វើសេចក្តីសម្រេច ដើម្បីឈានទៅរកការកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងវិស័យទេសចរណ៍។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ជាអតិបរមាទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រីលើគ្រប់វិស័យនិងគ្រប់កម្រិត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយ:ការបញ្ជ្រាបយ៉ាងស៊ីជម្រៅទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដោយបានបញ្ចូលនូវសូចនាករជាក់លាក់សម្រាប់តាមដានការអនុវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។