ក្រសួងវប្បធម៌ អំពាវនាវដល់ប្រជាជនកម្ពុជា ឈ្វេងយល់អំពីខ្លឹមសារ នៃទិវាបុណ្យនៃក្តីស្រឡាញ់ ថ្ងៃទី១៤ កុម្ភៈ
ភ្នំពេញ៖ ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួននិយមហៅថា ទិវានៃក្តីស្រឡាញ់ ជិតឈានចូលមកដល់ហើយ។ បច្ចុប្បន្ន ទិវានេះបាននិងកំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់ យុវជន បណ្តាលឱ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាពភ័ន្តច្រឡំ នាំឱ្យមានផល ប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិរបស់យើងទៀតផង។
ក្នុងបរិការណ៍នេះប្រជាជន ជាពិសេសយុវជនកម្ពុជា ចាំបាច់ត្រូវសិក្សាស្វែងយល់ឱ្យស៊ីជម្រៅពី វប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ អំពីខ្លឹមសារនៃថ្ងៃទី១៤ កុម្ភៈ ដែលជាវប្បធម៌ ទំនៀមទម្លាប់នាំចូលពីក្រៅ ដើម្បីបន្ស៊ី និងសម្របទៅ តាមបរិបទ នៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាការពារឲ្យបាននូវតម្លៃ និងឧត្តមភាពនៃវប្បធម៌ជាតិ ដែលមានចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ។
ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកប ដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីគោរពស្រឡាញ់នៅជុំវិញខ្លួនយើងជាអាទិ៍៖ ក្រុម គ្រួសារ, ឪពុកម្តាយ, ប្ដី/ប្រពន្ធ កូន ចៅ និងចំពោះញាតិមិត្ត និងក្រុមមនុស្សមួយចំនួនដូចជា៖ ជនពិការ, កុមារកំព្រា, និងអ្នកដែលខ្សត់ខ្សោយជាងខ្លួន…ជាដើម ក្រោមរូបភាព សរសេរលិខិតជូនពរ, ការជូនអំណោយផ្សេងៗ, ការសំណេះសំណាល ឬទទួលទានអាហាររួមគ្នាដោយក្ដីសោមនស្សរីករាយ តែត្រូវគោរពតាមវិធានសុខាភិបាល ដោយរក្សាគម្លាត និងនៅទីតាំងបើកចំហ។
ក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ, អប់រំ, ពន្យល់ណែនាំ, ក្រើនរំលឹកដល់បងប្អូន, កូន ចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អ ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយសនិងភាពថ្លៃថ្នូររបស់ខ្លួន,របស់ក្រុមគ្រួសារខ្លួន ពិសេស ដើម្បីរួមចំណែក លើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។