សម្ដេចតេជោ សម្រេចលើកពេលជួបសិស្សនិទ្ទេស A
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានប្រកាសពីការសម្រេចចិត្តលើកពេល នៃការជួបជុំជាមួយសិស្សនិទ្ទេសអេ( A) ដែលគ្រោងនឹងធ្វើ នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២២ ខាងមុខន ទៅពេលក្រោយវិញ ។ការលើកពេលនេះដោយសារកូវីដ-១៩ មេរោគបំប្លែងថ្មីឈ្មោះថា អូមីក្រុង បាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។ សម្ដេចតេជោបានប្រកាសបែបនេះតាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា “ដោយសារ កូវីដ-១៩ មេរោគបំប្លែងថ្មីឈ្មោះថា អូមីក្រុងបាននឹង កំពុងរីក រាលដាល នៅទីក្រុងភ្នំពេញ។ ដើម្បីសុវត្ថិភាព សម្រាប់ចៅៗ សិស្សនិទ្ទេសអេ( A) និងអ្នកចូលរួម ខ្ញុំសម្រេចចិត្តលើកពេល នៃការជួបជុំជាមួយសិស្សនិទ្ទេស A ដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភ: ឆ្នាំ២០២២ ទៅពេលក្រោយវិញ”។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រក្សាជីវិត និងសុខភាព គឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។ រក្សាបានជីវិត និងមានសុខភាពល្អ មិនខ្វះទេពេលវេលានៃការជួបជុំ។សម្ដេច សង្ឃឹមថា ចៅៗ និងក្រុមគ្រួសារនឹងមាន ការយោគយល់នូវ ការ លំបាកនេះ ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនៅក្នុងពិធី សម្ពោធកំណាត់ផ្លូវជាតិលេខ៧ប្រវែងសរុប ៩៣,៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកថ្ងៃទី២៨ ខែកម្ភៈ ដើម្បីជួបសំណេះ សំណាល ជាមួយសិស្ស ដែលប្រលងជាប់និទ្ទេស A ជាងមួយពាន់ នាក់។ សម្ដេចបានលើកឡើងដូច្នេះថា ដំបូងសម្ដេច ចង់រៀបចំឱ្យ មានជំនួបជាមួយសិស្សនិទ្ទេស A ដោយផ្ទាល់ត្រឹមតែរាជធានីភ្នំពេញ និងខេត្តកណ្ដាលទេ ហើយសម្រាប់ខេត្តផ្សេងៗ និងជួបតាម អនឡាញ តែដោយសារឆ្នាំនេះ មានសិស្សនិទ្ទេស A ច្រើនជាង ឆ្នាំមុនៗ រហូតដល់ជាង ១.៧០០នាក់ ដូចនេះសម្ដេច បាន អនុញ្ញាតឱ្យសិស្សនិទ្ទេស A ទាំងជាង ១.៧០០នាក់ ចូល ជួបសម្ដេចនៅភ្នំពេញទាំងអស់គ្នាតែម្ដង នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយខាងខេត្តត្រូវរៀបចំទាំងការធ្វើដំណើរ និងការស្នាក់នៅ របស់សិស្ស និងអាណាព្យាបាលសិស្ស ។
គួររំលឹកថានៅថ្ងៃទី១៤ខែកុម្ភៈនេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជា ណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែកុម្ភៈថា មានករណីឆ្លងថ្មី ៥១២នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ករណីជា សះស្បើយ ១៥៦នាក់ តែមិនមានករណីស្លាប់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។