សម្តេច​តេ​ជោ​៖ ថ្ងៃបុណ្យ​មាឃបូជា ជា​ពិធីបុណ្យ​មួយ​ដ៏​មាន​សារៈ​សំខាន់បំផុត​នៅក្នុង​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា ថ្ងៃ​ពុធ ១៥​កើត ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ គឺ ជា​ថ្ងៃបុណ្យ​មាឃបូជា​ដែលជា​ពិធីបុណ្យ​មួយ​ដ៏​មាន​សារៈ​សំខាន់បំផុត​នៅក្នុង​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។

​សម្តេច បាន​បន្តថា បុណ្យមាឃបូជា ឥ​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ថៃ្ង ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់​។​

​ព្រះពុទ្ធសាសនា​មិន​ត្រឹមតែ​បានធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​រួមរស់​ជាមួយគ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​ការពង្រឹង​សណ្ដាប់ធ្នាប់​សុខសន្តិភាព ស្ថិរភាព​សង្គម ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ទៀតផង​។​

​សម្តេច សូម​ប្រគេន​ពរ​ដល់​ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close