សំបុកសត្វកុកពាក់អំបោះ មានការកើនឡើងតិចតួច នៅដែនជម្រកសត្វព្រៃលំផាត់!
តាមរយៈអង្គការ BirdLife នៅកម្ពុជា បានបញ្ជាក់ថា កុកពាក់អំបោះ ត្រូវបានចាត់ចូលក្នុងបញ្ជីរក្រហមពិភពលោក IUCN ជាប្រភេទជិតរងការគម្រាមកំហែង ហើយចំនួនរបស់វានៅលើពិភពលោកកំពុងមានការធ្លាក់ចុះ។
បក្សីប្រភេទនេះត្រូវបានរកឃើញបន្តពូជជារៀងរាល់ឆ្នាំនៅដែនជម្រកសត្វព្រៃលំផាត់។ រដូវបន្តពូជរបស់បក្សី គឺចាប់បីខែ កក្កដា រហូតដល់ខែធ្នូ ហើយពួកវាចូលចិត្តធ្វើសំបុកលើដើមឈើធំៗ ដែលដុះនៅតាមមាត់ទន្លេ ឬអូរ។ នៅក្នុងរដូវបន្តពូជឆ្នាំ ២០២១ នេះ សំបុកសត្វកុកពាក់អំបោះចំនួន ៩ សំបុកត្រូវបានកត់ត្រាបាននៅដែនជម្រកសត្វព្រៃលំផាត់ដោយក្រុមការងាររបស់យើង។ សំបុកសត្វទាំងអស់ត្រូវបានតាមដានពីការវិវឌ្ឍន៍របស់វា និងការពារពីការរំខាននានា។
អង្គការ BirdLife បានបន្ថែមថា ជាលទ្ធផល សំបុកចំនួន ៨ ត្រូវបានញាស់ដោយជោគជ័យ និងមានកូនសរុបចំនួន ១៥ក្បាល។ ទោះយ៉ាងណា សំបុកចំនួនមួយត្រូវបានបរាជ័យដោយការរំខានពីមនុស្ស។ នៅដែនជម្រកសត្វព្រៃលំផាត់ យើងបានចាប់ផ្តើមកត់ត្រាសំបុករបស់កុកពាក់អំបោះលើកដំបូងនៅឆ្នាំ ២០១៧ ហើយនៅពេលនោះយើងកត់ត្រាបាន ៨ សំបុក និងកូនញាស់ជោគជ័យ ៥ក្បាល។ នៅឆ្នាំ២០២១នេះ យើងកត់ត្រាបានចំនួន ៩សំបុក និងកូនញាស់ជោគជ័យចំនួន ១៥ក្បាល ដែលជាចំនួនខ្ពស់បំផុតបើប្រៀបធៀបនឹងរដូវបន្តពូជមុនៗ។
ប្រៀបធៀបលទ្ធផលពងកូនក្នុងរយះពេល៥ឆ្នាំចុងក្រោយ ចំនួនសំបុករកឃើញសរុបមានការកើនឡើងបន្តិចបន្តួចហើយចំនួនសំបុកដែលជោគជ័យបានកើនឡើងពី៤សំបុកក្នុងឆ្នាំ២០១៧ទៅ៨សំបុកក្នុងឆ្នាំ២០២១។
សត្វកុកពាក់អំបោះកំពុងត្រូវបានគំរាមកំហែងដោយកត្តាមួយចំនួនដូចជា ការរំខានពីមនុស្ស ការបរបាញ់ និងការបាត់បង់ទីជម្រក។ ហេតុដូចនេះ ដើម្បីទប់ស្កាត់ការថយចុះចំនួនរបស់បក្សីប្រភេទនេះ យើងទាំងអស់គ្នាត្រូវចូលរួមការពារពួកវា និងទីជម្រករបស់វា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។