លោកជំទាវ ឱ វណ្ណឌីន បន្តអំពាវនាវឲ្យពលរដ្ឋគ្រប់រូប អនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ ជាពិសេសការចាក់វ៉ាក់សាំងបង្ការកូវីដ១៩!
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានធ្វើការអំពាវនាវហើយអំពាវនាវទៀត វិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយដែរ នៅឡើយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឫដូសជំរុញនេះជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន។
លោកជំទាវវេជ្ជបណ្ឌិត បន្តថា នៅតាមបណ្តាប្រទេសមួយចំនួនលើសាកលលោក និងក្នុងតំបន់ មានរកឃើញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជាយើងដែរហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កើតមានរួចហើយដែរ នៅលើអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ដូច្នេះ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុង នាពេលនេះឱ្យសោះ។
ជាមួយនោះ អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យើងហើយណា ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កន្លែងបិទជិតៗ គ្មានខ្យល់ចេញចូលប្រើតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រើនពេក ខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហើយឱ្យតែយើងធ្វេសប្រហែស លទ្ធភាពនៃការឆ្លង គឺមានខ្ពស់ហើយ។
លោកជំទាវ សូមធ្វើការអំពាវនាវសារជាថ្មី យើងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត៖
. នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា គ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ឥឡូវនេះ កុំបីអាក់ខានឱ្យសោះឡើយ។
. យកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ៣ការពារ (ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡើង) និង ៣កុំ ដោយកុំបង្កឱ្យមានការជួបជុំគ្នា ក្នុងចំនួនកើនឡើងច្រើនពេក ដែលជាហានិភ័យខ្ពស់ណាស់ ក្នុងដំណាក់កាលរាតត្បាតអូមីក្រុងនេះ ហើយកុំអង្គុយជិតៗគ្នាពេក ចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គល តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន និងកុំទៅកន្លែងមនុស្សច្រើនកុះករ កន្លែងបិទជិតៗ កុំជួបជុំគ្នាច្រើនជាដើម។
. បើមានការសង្ស័យ៖ សុំធ្វើតេស្តរហ័សដោយខ្លួនឯង បើវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហើយ ឱ្យបានត្រឹមត្រូវ។
. ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលើ ដល់ក្រុមគ្រួសារ និងសហគមន៍របស់យើង ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុងនេះ កុំឱ្យរាតត្បាតធំធេងឱ្យសោះ ពីពេលនេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។