រុស្ស៊ី​ មិន​ចង់​ឲ្យ​ផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​ឡើយ​

​ប្រធាន​គណៈកម្មការ​ស​ហ​ភាព​រុស្ស៊ី លោកស្រី Valentina Matviyenko បានបង្ហាញ​ការជឿជាក់​ថា​នឹង​ដោះស្រាយ​វិវាទ​ដោយ​សន្តិភាព តាមរយៈ​កិច្ចការបរទេស និង​នយោបាយ ។​

​សារព័ត៌មាន TASS នៅ​ថ្ងៃទី​១៦​ខែកុម្ភៈ បាន​ផ្សាយ​ថា ប្រធាន​គណៈកម្មការ​ស​ហ​ភាព​រុស្ស៊ី លោក ស្រី Valentina Matviyenko បាន​លើកឡើងថា​« គោលជំហរ​របស់​យើង ត្រូវបាន​ប្រមុខ​ដឹកនាំ​រុស្ស៊ី បានបញ្ជាក់​យ៉ាងច្បាស់​ថា នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​បញ្ចៀស​សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន ។ ការ​គិតពី​សង្គ្រាម​គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​ចំពោះ​រុស្ស៊ី​។​

​ជាមួយគ្នានេះដែរ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា​ទីក្រុង​ម៉ូស្គូ​មិន​ចង់ឃើញ​សង្គ្រាម​ផ្ទុះឡើង​នៅក្នុង​តំបន់​អឺរ៉ុប​ឡើយ ប៉ុន្តែ​បានស្នើ​ឱ្យ បញ្ហា​ទំនាក់ទំនង​រវាង​អ៊ុយ​ក្រែ​ន និង NATO គួរតែ​ត្រូវបាន​ដោះស្រាយ​ជាបន្ទាន់​។​

​ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ជាមួយ​អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz ក្នុង​ទីក្រុង​ម៉ូស្គូ លោក ពូ​ទីន បានឱ្យដឹង​ទៀតថា​រុស្ស៊ី​ទទួលបាន​ការជូនដំណឹង​ពី​មហាអំណាច​លោកខាងលិច​ថា​អ៊ុយ​ក្រែ​ន នឹងមិន​ចូល​ជា​សមាជិក NATO ក្នុងពេល អនាគត​ដ៏​ខ្លី​នោះទេ​។ តែ​ទោះជា​បែបនេះ​ក្ដី លោក​នៅតែ​ព្រមាន​ដដែល​ថា​នេះ​មិនមែនជា​ការធានា​គួរឱ្យ​ពេញចិត្ត​ទេ​។​

​លោក ពូ​ទីន បានបញ្ជាក់​ដូច្នេះ​ថា «​បើ​សួរថា​តើ​យើង​ចង់ឱ្យ​សង្គ្រាម​ផ្ទុះឡើង​ក្នុង​តំបន់ ឬក៏​អត់​? ច្បាស់​ណាស់ យើង​ពិតជា​មិន​ចង់ឃើញ​ឡើយ ដូច្នេះ ហើយ​ទើប​យើង​បានដាក់​ការស្នើ​មួយចំនួន​សម្រាប់​កិច្ចចរចា ដែល​គួរតែមាន​កិច្ចព្រមព្រៀង​មួយ​ធានា​សន្តិសុខ​យ៉ាង​ស្មើភាព​ដល់​អ្នក​គ្រប់គ្នា ក្នុងនោះ រួមមាន​ទាំង​ប្រទេស​យើង​ផងដែរ​»​។​

​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​រុស្ស៊ី បាន​អះអាងថា​ខ្លួន​បាន​ដក​កងទ័ព​មួយចំនួន​ចេញពី​តំបន់​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន ដែល​នេះ​ត្រូវបាន​គេ មើលឃើញថា​ជាស​ញ្ញា​នៃ​ការបន្ធូរបន្ថយ​ភាព​តានតឹង​។ ប៉ុន្តែ​ទីក្រុង​ម៉ូស្គូ មិនបាន​បញ្ជាក់​លម្អិត​ថា​តើ​កងទ័ព​ចំនួន​ប៉ុន្មាន​ត្រូវបាន​ដក ហើយ​ដក​ទៅ​ទីណា​ឱ្យ​ប្រាកដ​នៅឡើយ​ទេ ខណៈ​រុស្ស៊ី​ត្រូវបាន​លោកខាងលិច​ចោទប្រកាន់ថា​បាន​ប្រមូលផ្ដុំ​កងទ័ព​ជាង ១៣,០០០០​នាក់ នៅក្បែរ​តំបន់​ព្រំដែន អ៊ុយ​ក្រែ​ន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close