ក្រសួងទេសចរណ៍ បន្ត​បើក​បណ្ដុះបណ្ដាល​លើ​ការរៀបចំ E-Menu នៅតាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​

​ក្រសួងទេសចរណ៍ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ មជ្ឈមណ្ឌល​កម្ពុជា ៤.០ បាន​បន្ត​រៀបចំ
“​វគ្គ​បណ្ដុះបណ្ដាល​អក្ខរ​កម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍​” សម្រាប់​មន្ត្រី បុគ្គលិក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ និង​សហគ្រិន​/​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​។

​កាលពីពេល​ថ្មីៗ​នេះ មានការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​លើ​មុខវិជ្ជា E-Menu សម្រាប់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ យកទៅអនុវត្ត ដើម្បី​ជាការ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​ជាពិសេស​វីរុស​បំប្លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង (Omicron) ដោយ​ផ្ដោតលើ​ការបង្កើត​បញ្ជី​រាយ​មុខម្ហូប​នៅលើ​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​កាន់​បញ្ជី​ក្រដាស​ដោយ​ដៃ​ផ្ទាល់​។

​ក្រសួង បាន​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​រា​ជ​រដ្ឋាភិបាល ពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការបន្ត​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​ជាពិសេស​វីរុស​បំប្លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង (Omicron) នា​រយៈកាល​ចុងក្រោយ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close