រថយន្ត​សេរី​ទំនើប បុក​ម៉ូតូ​រ៉ឺម៉ក​ដឹក​បន្លែ ពេញទំហឹង បណ្តាល​ឲ្យ​ប្តី​ស្លាប់ រីឯ​ប្រពន្ធ របួសធ្ងន់​!

​ភ្នំពេញ​៖ យ៉ាងហោចណាស់​បុរស​ម្នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត របួសធ្ងន់ ដែលជា​ប្តី​ប្រពន្ធ ក្រោយ​អ្នក​ទាំងពីរ​ដឹក​បន្លែ​យកទៅលក់​នៅ​ផ្សារ ត្រូវ​រថយន្ត​សេរី​ទំនើប បុក​ពេញទំហឹង នៅវេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា គេ​បានឃើញ​រថយន្ត​សេរី​ទំនើប ១​គ្រឿង ម៉ាក Audi A7 ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2AZ-2550 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវ​ខាងលើ ពី​កើ​តទៅ​លិច ដោយ​សង្ស័យ​ស្រវឹងស្រា ហើយ​បាន​បុក​ប្តី​ប្រពន្ធ​ទាំង ២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​រ៉ឺម៉ក​ដឹក​បន្លែ បណ្តាល​ឲ្យ​ម្នាក់ ស្លាប់ និង​ម្នាក់ទៀត របួស​តែម្តង​។

​ចំណែក​រថយន្ត បន្ត​ល្បឿន​ឡើង​ខឿន បុក​បង្គោល​ភ្លើង​ជាប់គាំង​ក្បែរ​ដើមឈើ​មួយ​ដើម មិនអាច​បន្តដំណើរ​ទៅមុខ​រួច​។​​ជនរងគ្រោះ​ឈ្មោះ ហ៊ុយ វណ្ណៈ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ស្លាប់​) មាន​ទីលំនៅ នៅ​ខេត្តស្វាយរៀង​។​

​ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ប៉ុស្តិ៍ ដើម្បី​សាកសួរ និង​រង់ចាំ​ភាគី​ទាំងសងខាង​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close