គ្រឹះស្ថាន​អង្គរ ចាប់ផ្តើម​លក់​សំបុត្រ​ជិះទូក ទស្សនា​តំបន់​បឹង​ទន្លេសាប នៅ​កំពង់ផែ​ទេសចរណ៍​ចុង​ឃ្នៀ​ស

​ខេត្តសៀមរាប​៖ គ្រឹះស្ថាន​អង្គរ បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការដាក់​អនុវត្ត​លក់​សំបុត្រ​ជិះទូក​ទស្សនា​តំបន់​បឹង​ទន្លេសាប​នៅ​កំពង់ផែ​ទេសចរណ៍​ចុង​ឃ្នៀ​ស ស្ថិតក្នុង​សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើងទៅ ដែលមាន​តម្លៃ​ចំនួន ៧​ដុល្លារ ក្នុង​ភ្ញៀវទេសចរ​មួយ​នាក់ ចាប់ពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ តទៅ​។​

​សេចក្ដីជូនដំណឹង បានបញ្ជាក់​ទៀតថា សម្រាប់​ទូក​តូច​ចំណុះ ៨​នាក់ អាច​ចេញដំណើរ​បាន លុះត្រា​ណា​មាន​អ្នកទិញ​សំបុត្រ​ចាប់ពី​៤​ឡើងទៅ ខណៈ​ទូក​ធំ​ចំណុះ ៤៥​នាក់ អាច​ចេញដំណើរ​បាន លុះត្រា​ណា​មាន​អ្នកទិញ​សំបុត្រ​ចាប់ពី​៩​ឡើងទៅ ។​

​សូមបញ្ជាក់ថា អនុវត្តន៍​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សេចក្តីជូនដំណឹង​មួយ​លេខ ៣៩៦ សជណ​.​ហ​ធ ដោយ​សម្រេច​លុបចោល​នូវ​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទេសចរណ៍​ចុង​ឃ្នៀ​សរ​បស់​ក្រុមហ៊ុន ស៊ូ ជី​ង និង​ដកហូត​ទីតាំង​វិនិយោគ​ទាំងស្រុង​របស់​ក្រុមហ៊ុន​មួយ​នេះ ប្រគល់​ឲ្យ​រដ្ឋបាល​ខេត្តសៀមរាប និង​គ្រឹះស្ថាន​អង្គរ​ជា​អ្នកគ្រប់គ្រង​បណ្ដោះអាសន្ន ហើយ​រាល់​ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ទីតាំង​វិនិយោគ​ត្រូវបាន​ចាត់ទុកជា​សម្បត្តិ​រដ្ឋ ។

​យន្តការ​ក្នុងការ​គ្រប់គ្រង​បណ្តោះអាសន្ន​កំពង់ផែ​ចុង​ឃ្នៀ​ស​នេះ គឺ​គ្រប់គ្រង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការងារ​គ្រប់គ្រង​អនាម័យ​បរិស្ថាន ការគ្រប់គ្រង​បញ្ជីសារពើភ័ណ្ឌ​និង​អតីត​បុគ្គលិក​ក្រុមហ៊ុន ការផ្គត់ផ្គង់​អគ្គីសនី​និង​ទឹក គ្រោងការ​ចំណាយ​ផ្សេងៗ និង​ការបង្កើត​លេខាធិកា​ដ្ឋា​ន ដើម្បី​ជា​សេនាធិការ​របស់​គណៈកម្មកា​រ​ចម្រុះ ដែលមាន​ឯកឧត្ដម​អភិបាលខេត្ត​ជា​ប្រធាន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close