ប្រជាពលរដ្ឋ និងអាជីវករផ្សារទាំង២៤ ក្នុងរាជធានីភ្នំពេញ បើមិនអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលទេ មិនអនុញ្ញាតឱ្យចេញ-ចូលក្នុងផ្សារឡើយ
ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ និងអាជីវករផ្សារនានា ផ្សាររដ្ឋទាំង២៤ នៅរាជធានីភ្នំពេញ បើមិនអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ អាជ្ញាធរផ្សារនីមួយៗ គឺមិនអនុញ្ញាតឱ្យចេញ-ចូលក្នុងផ្សារឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្ដ្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
មន្ដ្រីជំនាញរូបនោះ បានឱ្យដឹងថា ដោយយោងតាមស្ថានភាពកំណើននៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បានរីករាលដាលចូលក្នុងសហគមន៍ សូមគណៈកម្មការផ្សារនានា ត្រូវបន្ដដាក់កម្លាំងសន្តិសុខនៅតាមច្រកចេញ-ចូល និងដាក់កន្លែងវាស់កំដៅ មានជែល ឬអាល់កុល សម្រាប់លាងដៃនៅតាមច្រកទាំងអស់ និងតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករត្រូវបង្ហាញកាតចាក់វ៉ាក់សាំង។ បើបងប្អូនប្រជាពលរដ្ឋ និងអាជីវករផ្សារ មិនបានបំពេញតាមលក្ខខណ្ឌការពារទប់ស្កាត់ជំងឺកូវីដ-១៩ ទៅតាមវិធានការ របស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឱ្យចូលផ្សារឡើយ។
ជាមួយគ្នានោះ គណៈកម្មាធិការផ្សារជម្ពូវ័នបានបញ្ជាក់ថា ចំពោះអ្នកចេញ-ចូលផ្សារ ដាច់ខាតត្រូវតែអនុវត្តន៍ឱ្យបាននូវវិធានការការ ពារជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន។ បើមិនអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ គឺគណៈកម្មការផ្សារ មិនអនុញ្ញាតឱ្យចូលក្នុងផ្សារឡើយ។
លោក បានបញ្ជាក់ទៀតថា ការរីករាលដាលជំងឺកូវីដ-ប្រភេទអូមីក្រុងនេះ អាជីវករលក់ដូរក្នុងផ្សារ មកលក់ដូរជាធម្មតា ប៉ុន្តែសម្រាប់អតិថិជនចេញ-ចូលផ្សារ ថ្ងៃខ្លះមានការថយចុះ ថ្ងៃខ្លះក៏ធម្មតាដែរ។ ទោះបីជាយ៉ាងណាក្តី ការរឹតបន្តឹងលើកិច្ចការពារ ជំងឺរាតត្បាតនេះ គណៈកម្មការផ្សារ ជម្ពូវ័ន បានផ្សព្វផ្សាយតាមឧគ្ឃោសនសព្ទជាប្រចាំ ដោយត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តន៍ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។