វត្ត​ចំនួន​២៥៥ ក្នុង​ខេត្ត​ត្បូងឃ្មុំ ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា

ខេត្ត​ត្បូងឃ្មុំ​៖ ថ្ងៃ​ពុធ​១៥​កើត ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ ជា​ថ្ងៃសីល​ពេញបូណ៌មី គឺជា​ថ្ងៃ «​បុណ្យមាឃបូជា​» ដែលមាន​សារៈសំខាន់ នៅក្នុង​ពុទ្ធសាសនា ប្រហាក់ប្រហែល​នឹង​បុណ្យ​ពុទ្ធសាសនា​ដទៃទៀត​ដែរ រួមមាន​៖ ពិសាខបូជា​, អាសាឍ​បូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)​។​

​លោក ហាក់ ហុន ប្រធាន​មន្ទីរ​សាសនា​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ពិធីបុណ្យ​មាឃបូជា ក្នុង​ខេត្ត​ត្បូងឃ្មុំ នា​ឆ្នាំ​២០២២​នេះ បាន​ប្រារព្ធ​នៅតាម​វត្ត​ចំនួន​២៥៥ និង​បាន​ដង្ហែ​អង្គ​ព្រះពុទ្ធ​រូប​តាម​ដងផ្លូវ​ផងដែរ​។​

​លោក បញ្ជាក់ថា ពិធីបុណ្យ​មាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់​។​ ​ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅក្នុង​ចំណោម ព្រះសង្ឃ​ចំនួន​១,២៥០​អង្គ ជា​សមាជិក​ក្នុង​អង្គ មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។​

​នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បានប្រកាស​នៅ​គោលការណ៍​មួយចំនួន​១១​សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត​ទាំងអស់ កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ​ផ្សព្វផ្សាយ​ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី​ពុទ្ធសាសនា​។​ ​គោលការណ៍​ទាំងនេះ មានឈ្មោះ​ជា ភាសាបាលី​ថា «​ឱវាទ​បាដិមោក្ខ​»​។ ​បាដិមោក្ខ ជា​ឈ្មោះ​បាលី​ពុទ្ធ​ប្បញ្ញត្តិ ដែលជា​សិក្ខាបទ​មួយៗ សម្រាប់​ឲ្យ​ភិក្ខុ​សូត្រ ក្នុង​ទីប្រជុំ​សង្ឃ​រាល់​កន្លះ​ខែ ៖ ឧទាហរណ៍​រៀន​បាដិមោក្ខ​, សម្ដែង​បាតិមោក្ខ​ជាដើម ដែល​ពុទ្ធសាសនិកជន​ម្មាក់ៗ ត្រូវ​យកមក​សិក្សា ឲ្យ​យល់ដឹង និង​អនុវត្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close