ក្រសួងសុខាភិបាល ប្រកាសចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ដូសមូលដ្ឋាន ជូនដល់កុមារអាយុ ៣ឆ្នាំ ដល់អាយុក្រោម ៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈសារពិសេសចេញ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ..ក-១៩) នឹងផ្ដល់ការចាក់វ៉ាក់សាំងកូដ-១៩ ដូសមូលដ្ឋាន (ដូសទី១ និងដូសទី២) ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ ដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំ ដែលតម្លាតរវាងដូសទី១ និងទី២ គឺ២៨ថ្ងៃ។
ចំពោះឯកសារត្រូវភ្ជាប់ជាមួយនៅពេលទៅចាក់វ៉ាក់សាំងវីដ-១៩ ដូសមូលដ្ឋាន (ដូសទី១ និងជួសទី២)៖ ចំពោះគ្រប់កុមារ ដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់អាយុក្រោម ៥ឆ្នាំ ដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួន ដូចខាងក្រោម៖
– សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងប័ណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្តាយ (ចំពោះកូនចៅមន្ត្រីរាជការ ថ្នាក់ជាតិ)។
ជាមួយគ្នា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវធ្វើសេចក្តីជូនព័ត៌មានស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារដែលមានអាយុ៣ឆ្នាំ ដល់អាយុក្រោម៥ឆ្នាំ ដោយ មានភ្ជាប់ជាមួយនូវកាលបរិច្ឆេទ ពេលវេលា និងទីតាំងត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវចាត់ចែងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ ដែលមកចាក់វ៉ាក់សាំងទាំងអស់ឱ្យមានភាពរលូន និងគ្រប់គ្រងសណ្តាប់ធ្នាប់ ព្រមទាំងអនុវត្តនូវវិធានការសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពចាប់ពី១,៥ម៉ែត្រឡើង លាងដៃញឹកញាប់ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ នៅតាមទីតាំង ចាក់វ៉ាក់សាំងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សូមណែនាំដល់ក្រុមគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំង កូវីដ-១៩ ទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាពកុមារ ទាំងមុន និងក្រោយការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានត្រឹមត្រូវ។
ក្រសួង បានបញ្ជាក់ថា ទោះបីជាបុគ្គលម្នាក់ៗ បានទទួលការចាក់វ៉ាក់សាំងកូរីដ-១៩ រួចរាល់ហើយក្តី ក៏ត្រូវបន្តអនុវត្តនូវវិធានការ «ពាការពារ” និង “៣កុំ» តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបន្តរួមគ្នាអនុវត្តតាមយុទ្ធនាការជាតិក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូដ-១៩- ដើម្បីចូល រួមទប់ស្កាត់ការចម្លងវីរុសកូវឺដ-១៩ នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។